ប្រភពព័ត៌មានចំនួនបួនដែលដឹងពីបញ្ហាបាននិយាយកាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកាថា បេសកជនប្រទេស G20 បានព្រមព្រៀងលើសេចក្តីព្រាងសេចក្តីប្រកាសរបស់មេដឹកនាំ មុនកិច្ចប្រជុំកំពូលនៅចុងសប្តាហ៍នេះក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ថាខ្លួននឹងធ្វើពហិការកិច្ចប្រជុំកំពូលនៅថ្ងៃទី ២២-២៣ ខែវិច្ឆិកានេះ ជុំវិញការមិនចុះសម្រុងជាមួយប្រទេសម្ចាស់ផ្ទះ គឺអាហ្វ្រិកខាងត្បូង។

លោក Trump បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 លើកដំបូងនៅប្រទេសអាហ្វ្រិកទេ ដោយសារតែការចោទប្រកាន់ថា រដ្ឋាភិបាលជនជាតិស្បែកខ្មៅភាគច្រើនរបស់ប្រទេសម្ចាស់ផ្ទះ បានធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិចស្បែកសរបស់ខ្លួន។ លោកក៏បានច្រានចោលរបៀបវារៈរបស់ប្រទេសម្ចាស់ផ្ទះក្នុងការជំរុញសាមគ្គីភាព និងជួយប្រទេសកំពុងអភិវឌ្ឍន៍សម្របខ្លួនទៅនឹងគ្រោះមហន្តរាយអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរ ជាការផ្លាស់ប្តូរទៅរកថាមពលស្អាតនិងកាត់បន្ថយការចំណាយលើបំណុលហួសប្រមាណរបស់ខ្លួន។

សហរដ្ឋអាមេរិក កាលពីពេលមុនបានជំទាស់នឹងការលើកឡើងអំពីបម្រែបម្រួលអាកាសធាតុ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Trump បាននិយាយថា «វាជាប្រពៃណីរបស់ប្រទេសG20យូរអង្វែងមកហើយក្នុងការស្វែងរកការចេញសេចក្តីថ្លែងការណ៍ដែលស្របមតិគ្នាតែប៉ុណ្ណោះ ហើយវាជារឿងគួរឱ្យខ្មាស់អៀនដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបច្ចុប្បន្ននេះកំពុងព្យាយាមដើរចេញពីការអនុវត្តស្តង់ដារនេះ ទោះបីជាមានការជំទាស់ដដែលៗរបស់យើងក៏ដោយ»។