បេឡារុស្ស៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូកាលពីថ្ងៃពុធ នៃការបន្តធ្វើសមយុទ្ធយោធារួមរុស្ស៊ី-បេឡារុស្សក្នុងពេលមានភាពតានតឹងខ្លាំងនៅក្នុងតំបន់។ ក្រសួងបាននិយាយថា វីដេអូនេះបង្ហាញពីអង្គភាពរថក្រោះកំពុងធ្វើសមយុទ្ធ និងរុញច្រានការវាយលុករបស់សត្រូវ។

ប្រទេសលោកខាងលិចព្រួយបារម្ភថា សមយុទ្ធនេះអាចប្រើជាការបិទបាំងសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Vladimir Makei បាននិយាយថា កងទ័ព និងសព្វាវុធរបស់រុស្ស៊ីទាំងអស់នឹងចាកចេញពីប្រទេសបេឡារុស្ស បន្ទាប់ពីសមយុទ្ធបញ្ចប់នៅថ្ងៃអាទិត្យនេះ។ ទីក្រុងមូស្គូបានបដិសេធថា ខ្លួនគ្មានផែនការណាមួយដើម្បីឈ្លានពាន និងបានប្រកាសដកកងកម្លាំង និងសព្វាវុធមួយចំនួន ទោះបីជាខ្លួនបានផ្តល់ព័ត៌មានលម្អិតតិចតួចក៏ដោយ។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានជាប់គាំងនៅក្នុងជម្លោះដ៏ជូរចត់ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលមេដឹកនាំដែលស្និតស្នាលជាមួយវិមានក្រឹមឡាំងរបស់ប្រទេសអ៊ុយក្រែន ត្រូវបានបណ្តេញចេញពីតំណែងដោយការបះបោរ។ ទីក្រុងមូស្គូបានឆ្លើយតបដោយការបញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀ ហើយបន្ទាប់មកគាំទ្រការបះបោរក្រុមបំបែកខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នាបណ្តាលឲ្យមនុស្សជាង ១៤,០០០នាក់ស្លាប់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO)។ ថ្លែងទៅកាន់ស្ថាប័នពិភពលោក លោក Sergey Vershinin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភចំពោះការពង្រីកយោធាដ៏មានសក្តានុពលរបស់អង្គការណាតូ។ ក្នុងមួយឆ្នាំកន្លងទៅនេះមានការបង្កើនសមយុទ្ធរបស់អង្គការណាតូយ៉ាងខ្លាំង រួមទាំងការឃោសនាគួរឲ្យព្រួយបារម្ភដែលយើងមិនអាចព្រងើយកន្តើយបាន។ សហព័ន្ធរុស្ស៊ីកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកុម្ភៈនេះ៕
អត្ថបទ៖ ប៊ុនថន