ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា សំណើរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិភាពនៅអ៊ុយក្រែន អាចជាមូលដ្ឋាននៃដំណោះស្រាយជម្លោះ ប៉ុន្តែប្រសិនបើទីក្រុងគីវមិនទទួលយកផែនការនេះ នោះកងកម្លាំងរុស្ស៊ីនឹងរុលទៅមុខបន្ថែមទៀត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបានផ្តល់ពេលឱ្យអ៊ុយក្រែនរហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រការទាមទារសំខាន់ៗរបស់រុស្ស៊ីលើបញ្ហាណាតូ ទឹកដី និងការទទួលស្គាល់តំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។ លោកPutin បានប្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏ដូចជាការិយាល័យនយោបាយសម័យទំនើបនៃមន្ត្រីមានអំណាចបំផុតរបស់រុស្ស៊ីថា «ខ្ញុំជឿថា វាអាចត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការដោះស្រាយដោយសន្តិវិធីនៅពេលចុងក្រោយ»។

លោកPutin បាននិយាយបន្ថែមថា ផែនការ២៨ចំណុចនេះ ពុំទាន់ត្រូវបានពិភាក្សាលម្អិតជាមួយសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូបានទទួលច្បាប់ចម្លងរបស់វា។ លោកPutin បាននិយាយថា អ៊ុយក្រែនប្រឆាំងនឹងផែនការនេះ ប៉ុន្តែទាំងទីក្រុងគីវនិងប្រទេសមហាអំណាចអឺរ៉ុប មិនយល់ពីការពិតដែលថាកងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខនៅអ៊ុយក្រែន ហើយនឹងបន្តរុលទៅមុខទៀត លុះត្រាតែមានសន្តិភាព។
ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនប្រឈមនឹងការបាត់បង់ភាពថ្លៃថ្នូរ និងសេរីភាព បើពុំនោះសោតនឹងបាត់បង់ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនជុំវិញផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក។