ទោះបីជាមានការប្រឆាំងគ្នាខាងនយោបាយក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងពាក្យសម្ដីដ៏កក់ក្តៅចំពោះលោក Zohran Mamdani អភិបាលក្រុងញូវយ៉កដែលជាប់ឆ្នោតថ្មីកាលពីថ្ងៃសុក្រ។ លោក TRUMP និយាយថា «យើងយល់ស្របច្រើនជាងអ្វីដែលខ្ញុំបានគិត។ ខ្ញុំគិតថាអភិបាលក្រុងរូបនេះយល់ស្រប ខ្ញុំចង់ឱ្យគាត់ធ្វើការងារដ៏អស្ចារ្យ ហើយយើងនឹងជួយគាត់ធ្វើការងារដ៏អស្ចារ្យទាំងនោះ»។

លោក Mamdani ជាអ្នកសង្គមនិយមក្រុមប្រជាធិបតេយ្យដែលបានឈ្នះការប្រកួតប្រជែងតំណែងអភិបាលក្រុងញូវយ៉កកាលពីដើមខែនេះ បានស្នើសុំជំនួបក្រោយពីមានការប្រមាថគ្នាទៅវិញទៅមកជាច្រើនសប្តាហ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ លោក Mamdani និយាយថា «ប្រទេសជាតិ ត្រូវបានលោក Donald Trump ក្បត់» ខណៈ លោក TRUMP និយាយថា «លោក Mamdani ជាមនុស្សកុម្មុយនិស្ត»។

លោក Trump ក៏បានគំរាមដកមូលនិធិសហព័ន្ធពីទីក្រុងញូវយ៉ក ប្រសិនបើលោក Mamdani ជាប់ឆ្នោត។ ប៉ុន្តែបន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរទំនងជាមានភាពស្និតស្នាល។ លោក MAMDANI និយាយថា «ខ្ញុំពេញចិត្តនឹងជំនួបជាមួយប្រធានាធិបតី ហើយដូចដែលលោកបាននិយាយ វាគឺជាជំនួបដែលមានផ្លែផ្កាផ្តោតសំខាន់លើទីកន្លែងមួយដែលមានការកោតសរសើរ និងសេចក្តីស្រឡាញ់រួមគ្នា គឺទីក្រុងញូវយ៉ក»។
ទាំងលោកTrump និងលោក Mamdani បានសន្យាថានឹងសហការគ្នាលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម។ លោក Mamdani បានសន្យាថានឹងផ្តោតសំខាន់លើបញ្ហាការចំណាយលើជីវភាពរស់នៅរួមទាំងតម្លៃលំនៅឋាន។