កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបាន(WFP)និយាយថា ចាប់តាំងពីមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសកាលពីខែតុលាមក ការផ្គត់ផ្គង់ស្បៀង កាន់តែច្រើនកំពុងហូរចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។

អ្នកនាំពាក្យអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)លោក Martin Penner បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃសុក្រថា «អ្វីៗ មានភាពល្អប្រសើរជាងមុនពេលបទឈប់បាញ់ ប៉ុន្តែយើងនៅតែមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវទៅ»។ លោក និយាយថា ការគាំទ្រប្រកបដោយចីរភាពគឺមានសារៈសំខាន់ដូចពេលមុនៗ ដើម្បីជួយគ្រួសារកសាងសុខភាព អាហារូបត្ថម្ភ ជីវភាពរស់នៅ និងជីវិតរបស់ពួកគេឡើងវិញ»។

«ទីផ្សារកំពុងត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។ មានស្បៀងអាហារ ប៉ុន្តែតម្លៃនៅតែពុំទាន់អាចទទួលយកបានសម្រាប់ប្រជាជនភាគច្រើន»។
ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា បន្ទាប់ពីសង្គ្រាមពីរឆ្នាំ បណ្តាលឱ្យមានមហន្តរាយមនុស្សធម៌ អង្គការWFP បាននាំយកជំនួយស្បៀងអាហារចំនួន៤០.០០០តោនចូលទៅកាន់តំបន់ហ្កាហ្សា។ ប៉ុន្តែនោះគ្រាន់តែបំពេញបានត្រឹមតែ៣០% នៃគោលដៅរបស់ខ្លួនប៉ុណ្ណោះសម្រាប់កញ្ចប់ស្បៀងអាហារ ដែលបានទៅដល់មនុស្សប្រហែលកន្លះលាននាក់ ខណៈគោលដៅគឺទៅដល់មនុស្ស១,៦លាននាក់ ដោយសារតែបញ្ហាដឹកជញ្ចូនកាលពីដើមខែនេះ។
ប្រជាជនប៉ាឡេស្ទីនជាច្រើនបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាម មានន័យថាគ្រួសារនានានៅតែពឹងផ្អែកលើជំនួយស្បៀងអាហារ។