សមាគមគ្រិស្តសាសនានៃប្រទេសនីហ្សេរីយ៉ា (CAN) បាននិយាយថា ខ្មាន់កាំភ្លើងបានវាយប្រហារលើសាលាបណ្ដុះបណ្ដាលកាតូលិកមួយកន្លែង នៅតំបន់ភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា និងបានចាប់ពង្រត់សិស្សសាលាជាង ២០០ នាក់ កាលពីថ្ងៃសុក្រ (ទី២១ ខែវិច្ឆិកា) ដែលជាការចាប់ពង្រត់ចុងក្រោយបំផុត នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក។

លោក Daniel Atori អ្នកនាំពាក្យសាខារបស់ CAN នៅរដ្ឋនីហ្សេ បានបញ្ជាក់ថា ការវាយប្រហារ និងការចាប់ពង្រត់នេះ បានកើតឡើងនៅសាលា St. Mary’s ដែលជាស្ថាប័នកាតូលិកមួយ នៅក្នុងសហគមន៍ Papiri របស់រដ្ឋបាលតំបន់ Agwara។ អ្នកវាយប្រហារ បានចាប់កូនសិស្ស ២១៥ នាក់ និងគ្រូបង្រៀនចំនួន ១២ នាក់។
លោក Atori បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំទើបតែត្រឡប់មកភូមិវិញ កាលពីយប់ មិញ បន្ទាប់ពីខ្ញុំបានទៅពិនិត្យមើលសាលារៀន ជាកន្លែងដែលខ្ញុំបានជួបជាមួយឪពុកម្តាយ» ដោយបន្ថែមថា សមាគមកំពុងធ្វើការ «ដើម្បីធានាការវិលត្រឡប់ដោយសុវត្ថិភាពរបស់កូនសិស្សទាំងអស់នោះ»។

ទីបញ្ជាការនគរបាលរដ្ឋនីហ្សេ បាននិយាយថា ការចាប់ពង្រត់នេះ បានកើតឡើង នៅពេលព្រឹកព្រលឹម ហើយកងកម្លាំងយោធា និងសន្តិសុខ ត្រូវបានដាក់ពង្រាយទៅកាន់សហគមន៍នេះ។ ទីបញ្ជាការនេះ បានពិពណ៌នាអំពីសាលា St. Mary’s ថា ជាសាលាមធ្យមសិក្សា ដែលនៅក្នុងប្រទេសនីហ្សេរីយ៉ា មានសិស្ស ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ៕