ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Kan របស់ប្រទេសនេះ បានរាយការណ៍កាលពីថ្ងៃសុក្រ (ទី ២១ ខែវិច្ឆិកា) ថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានបោះឆ្នោតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតគណៈកម្មាធិការរដ្ឋមន្ត្រី ដែលនឹងត្រួតពិនិត្យការអនុវត្តដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កា ហ្សា។

សារព័ត៌មាន Kan បានឲ្យដឹងថា គណៈកម្មាធិការនេះ នឹងរួមមានរដ្ឋមន្ត្រីការបរទេសលោក Gideon Sa'ar រដ្ឋមន្ត្រីយុត្តិធម៌លោក Yariv Levin រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ខណៈពេលដែលកត់សម្គាល់ថា ទាំងលោក Smotrich និងលោក Ben-Gvir ដែលជារដ្ឋមន្ត្រីស្តាំនិយមជ្រុល បានបោះឆ្នោតជំទាស់នឹងកិច្ចព្រមព្រៀងឈប់បាញ់នេះ។

ដំណាក់កាលទី២នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅពេលដែលចំណាប់ថ្នូរ ដែលនៅរស់ទាំងអស់ត្រូវបានដោះលែង ហើយសាកសពរបស់ចំណាប់ខ្មាំងដែលបានស្លាប់ ត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីស្រាអែលវិញ។ យោងតាមយោធាអ៊ីស្រាអែល ក្រុមហាម៉ាស នៅតែរក្សាទុកសាកសពរបស់ចំណាប់ថ្នូរបីនាក់ ដែលត្រូវបានសម្លាប់។
សារព័ត៌មាននេះ ក៏មានរបាយការណ៍ផងដែរថា ទោះបីជាមិនទាន់មានពេលវេលាជាក់លាក់ណាមួយ ត្រូវបានកំណត់សម្រាប់ដំណាក់កាលខាងមុខនេះក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការលើការបង្កើតកម្លាំងសន្តិសុខអន្តរជាតិ ដែលមានសមាសភាពមកពីប្រទេសអារ៉ាប់ និងមូស្លីម ដើម្បីអនុវត្តបទឈប់បាញ់នេះ៕