អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាលវ៉ាស៊ីនតោនជឿជាក់ថា ផែនការថ្មីរបស់សហរដ្ឋអាមេរិកស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃកិច្ចការនេះ។

លោកស្រីដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រ និង សេវាផ្សព្វផ្សាយសាធារណៈ (PBS)បាននិយាយថា៖«ផែនការនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាព បន្ទាប់ពីសង្គ្រាមដ៏សាហាវរយៈពេល ៥ឆ្នាំ ដើម្បីស្វែងរកសេណារីយោឈ្នះ-ឈ្នះដ៏ល្អបំផុត ដែលភាគីទាំងពីរ ទទួលបានច្រើនជាងអ្វីដែលពួកគេត្រូវផ្តល់ឲ្យ»។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steven Witkoff និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានធ្វើការលើផែនការមួយដោយស្ងាត់ៗអស់រយៈពេលប្រហែលមួយខែមកហើយ។ លោកស្រីបានបន្ថែមថា ពួកគេបានចូលរួមជាមួយភាគីទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន ដោយស្មើភាពគ្នា។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គាំទ្រផែនការនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនទាន់បានធ្វើការលើគំនិតផ្តួចផ្តើមថ្មីណាមួយទាក់ទងនឹងការដោះស្រាយជម្លោះអ៊ុយក្រែនលើសពីកិច្ចព្រមព្រៀងដែលសម្រេចបានដោយប្រធា នាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កានោះទេ៕