កណ្ដាល៖ មន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នគ្រប់មន្ទីរពេទ្យបងែ្អក និងមណ្ឌលសុខភាព ១១៧កន្លែង បាននឹងកំពុងសហការជាមួយអាជ្ញាធរភូមិឃុំសង្កាត់បង្កើនការផ្សព្វផ្សាយ ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសជម្រុញដូសទី៣ និងទី៤ ជូនពលរដ្ឋដើម្បីពង្រឹងភាពស៊ាំក្នុងខ្លួន ខណៈការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣ និងដូសទី៤មានកំណើនយឺត ។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែង BTV នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា នៅគ្រប់មន្ទីរពេទ្យបង្អែកចំនួន ១១ក្រុង-ស្រុក និងនៅតាមមណ្ឌលសុខភាពចំនួន ១០៦កន្លែង ទូទាំងខេត្តកណ្តាល គឺបានកំពុងបើកដំណើរចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ រហូតដល់ដូសទី៤ ក្រៅពីនេះក្រុមពេទ្យក៏បានពង្រីងការចាក់នៅតាមសាលារៀន អង្គភាពរដ្ឋ រោងចក្រនានាទៀតផងដែរ។
ទោះយ៉ាងណា ក្នុងអំឡុងពេលនេះវេជ្ជបណ្ឌិត គួយ ប៊ុនធឿន សំគាល់ឃើញថា ការចាក់វ៉ាក់សាំងដូសទី៣ និងទី៤នេះ គឺមានកំណើនយឺត ខណៈក្នុងមួយថ្ងៃៗទូទាំងខេត្តបានដំណើរការចាក់បានតែរង្វង់ ១៥០០នាក់ ប៉ុណ្ណោះ។
បើពិនិត្យស្ថានភាពជារួម៖ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំងអស់នៅទូទាំងខេត្តកណ្តាល កន្លងមក បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជូនពលរដ្ឋប្រមាណជាង ៨០% ក្រៅពីនេះក្រុមពេទ្យបានប៉ាន់ស្មានថា មានពលរដ្ឋខេត្តកណ្តាលប្រមាណជាង ១០% បានទៅចាក់វ៉ាក់សាំងនៅក្រៅខេត្ត នៅតាមកន្លែងគេបំរើការងារនានា ហើយក្រៅពីនេះ ក៏ពលរដ្ឋខេត្តកណ្តាលមួយចំនួនតូចទៀតដែរមានជំងឺ និងភ័យខ្លាចមិនហ៊ានចាក់វ៉ាក់សាំង។
បើតាមពលរដ្ឋទំាងជាតិ-អន្តរជាតិបានទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅថ្លែងថា ការចាក់វ៉ាក់សំាងការពារកូវីដនៅពេលនេះ គឺដោយសារគេព្រួយបារម្ភខ្លាំង ខណៈដែលមេរោគកូវីដ-១៩ និងមេរោគ អូមីក្រុង កំពុងរាតត្បាតក្នុងសហគមន៍ ហើយអ្នកដែលឆ្លងកើតជំងឺកូវីដនេះភាគច្រើនត្រូវបានដាក់អោយព្យាបាលនៅតាមផ្ទះទៀតផងដែរ។
សូមបញ្ជាក់ទូទាំងខេត្តកណ្តាល បច្ចុប្បន្នមានក្រុមមនុស្សវ័យចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សំាងដូសទី៣បានជាង ៣៦ម៉ឺននាក់ ស្មើនឹង ៤២% នៃប្រជាជនសរុប និងស្មើនឹង ៥២.៦២% នៃចំនួនអ្នកចាក់ដូសទី២ ដោយឡែកដូសទី៤ ចាក់បានជាង ១៧ម៉ឺននាក់ ស្មើនឹង ៥% នៃចំនួនប្រជាជនសរុប ៕ អត្ថបទ ស៊ុម សុខជា