ប្រធានាធិបតីលីបង់ លោក Jospeh Aoun បាននិយាយថា ប្រទេសលីបង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចាជាមួយអ៊ីស្រាអែល ដើម្បីចរចាអំពីរូបមន្តដោះស្រាយ ដែលនឹងនាំទៅរកសន្តិភាព និងស្ថិរភាព។

លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ក្នុងឱកាសខួបលើកទី ៨២ នៃឯករាជ្យរបស់ប្រទេសនេះដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ២២ ខែវិច្ឆិកានេះថា៖«ខ្ញុំសូមបញ្ជាក់ម្តងទៀតថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ ដែលនឹងអាចធានាបាននូវសន្តិសុខព្រំដែនរបស់យើង»។

យោងតាមលោកប្រធានាធិបតី កងទ័ពលីបង់ «មានសមត្ថភាពធានាស្ថិរភាពនៅតំបន់ព្រំដែន និងគ្រប់គ្រងតំបន់យុទ្ធសាស្ត្រទាំង ៥ នៅភាគខាងត្បូងនៃប្រទេសនេះ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយអ៊ីស្រាអែល»។
លោក Aoun បានបន្ថែមថា៖«ប្រទេសលីបង់ រួមជាមួយប្រទេសអារ៉ាប់ដទៃទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងដំណើរការសន្តិភាព ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីនផងដែរ»៕