វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែបលំដាប់លេខ ១ ពិភពលោក Novak Djokovic នៅតែបន្តគំនិតមិនគាំទ្រក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឡើយ។ និយាយប្រាប់សារព័ត៌មាន BBC របស់អង់គ្លេស ម្ចាស់ជើងឯក Grand Slam ២០លើករូបនេះបានឱ្យដឹងថា រូបគេសុខចិត្តអវត្តមានពីការប្រកួតវាយកូនបាល់គ្រប់កម្មវិធីប្រកួតទាំងអស់នាពេលខាងមុខ ប្រសើរជាងការបង្ខំចិត្តទទួលយកវ៉ាក់សាំងកូវីដ-១៩។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះត្រូវបានបញ្ជាឱ្យចាកចេញ ពីព្រលានយន្តហោះប្រទេសអូស្ត្រាលីកាលពីខែមករា ដោយសារតែការស្នើសុំទិដ្ឋាការមិនមានភ្ជាប់ជាមួយលិខិតអះអាងថា បានចាក់វ៉ាក់សាំង។ Novak Djokovic បានបន្តថា កាលពីនៅអូស្ត្រាលីនោះ ការស្នើសុំទិដ្ឋាការចូលប្រទេសអូស្ត្រាលីគឺបានភ្ជាប់ជាមួយលិខិតអះអាងថា រូបគេទើបជាសះស្បើយពីកូវីដ-១៩។ តែការអះអាងនេះមិនត្រូវបានទទួលស្គាល់ពីអាជ្ញាធរសុខាភិបាលអូស្ត្រាលីឡើយ។ Djokovic បានបញ្ជាក់ថា រូបគេមិនបានចូលរួមជាមួយនឹងចលនាប្រឆាំងវ៉ាក់សាំងឡើយ តែចង់ឱ្យការទទួលយកវ៉ាក់សាំងគឺជាសិទ្ធិរបស់បុគ្គលវិញ៕
អត្ថបទ៖នាង សុភាវុធ