សារព័ត៌មានក្នុងស្រុកប្រចាំថ្ងៃ VnExpress បានរាយការណ៍ដោយសំអាងដល់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងប្រទេសវៀតណាមភាគកណ្ដាលបានកើនឡើងដល់៧២នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍២២វិច្ឆិកា។
ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារភាគខាងត្បូង-កណ្តាល របស់ប្រទេសវៀតណាមចាប់តាំងពីចុងខែតុលាមក ហើយគោលដៅវិស្សមកាលដ៏ពេញនិយមនានា ត្រូវបានវាយប្រហារដោយទឹកជំនន់ជាច្រើនលើក។
ប្លុកផ្សេងៗរបស់ទីក្រុងទាំងមូលត្រូវបានជន់លិចនៅសប្តាហ៍នេះ ក្នុងតំបន់ឆ្នេរសមុទ្រ ញ៉ាត្រាង(Nha Trang) ខណៈបំណាក់ដីដ៏សាហាវបានវាយប្រហារផ្លូវតាមភ្នំជុំវិញមជ្ឈមណ្ឌលទេសចរណ៍ដាឡាត (Da Lat )។
ក្រសួងបរិស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់៧២នាក់ នៅទូទាំងខេត្តចំនួន៦ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន ខណៈបន្តស្វែងរកមនុស្ស ១៣ នាក់ផ្សេងទៀតដែលនៅតែបាត់ខ្លួន។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ខេត្ត តំបន់ ដាក់ឡាក់ (Dak Lak) គឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ដោយមានអ្នកស្លាប់ជាង២០នាក់ ។
ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងជួយនាំមនុស្សចេញពីចុងឈើ និងដំបូលផ្ទះ ខណៈទឹកជំនន់បានស្រកនៅទីនោះកាលពីថ្ងៃសុក្រ។
ក្រសួងបរិស្ថានខាងលើបានបន្ថែមថា ផ្លូវហាយវេជាច្រើននៅតែមិនអាចឆ្លងកាត់បាននៅថ្ងៃសៅរ៍ ហើយមនុស្ស ៣០០.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការដាច់ចរន្តអគ្គិសនីដែលដំបូងឡើយបានប៉ះពាល់ដល់មនុស្សជាងមួយលាននាក់៕


