យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅទូទាំងហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៤ នាក់ រួមទាំងកុមារផងដែរ ដែលជាការរំលោភចុងក្រោយបំផុតលើបទឈប់បាញ់រយៈពេល៦សប្តាហ៍ក្នុងទឹកដីដែលហែកហួរដោយសង្គ្រាមមួយនេះ ខណៈក្រុមហាម៉ាសជំរុញឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍។
យោងតាមអាជ្ញាធរនៅហ្កាហ្សា ការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏បានធ្វើឱ្យមនុស្ស ៨៧ នាក់ផ្សេងទៀតរងរបួសផងដែរ។
ក្រុមអ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារលើកដំបូងបានប៉ះចំរថយន្តមួយគ្រឿងនៅភាគខាងជើងទីក្រុងហ្កាហ្សា ហើយត្រូវបានបន្តដោយការវាយប្រហារបន្ថែមទៀតនៅកណ្តាលទីក្រុង Deir el-Balah និងជំរំជនភៀសខ្លួន Nuseirat។
យោងតាមនាយកគ្រប់គ្រងមន្ទីរពេទ្យ al-Shifa លោក Rami Mhanna បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូននៅទីក្រុងហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរបួស ២០ នាក់ផ្សេងទៀត។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងសង្កាត់ Remal របស់ទីក្រុងនេះ។
នៅ Deir el-Balah មនុស្សយ៉ាងហោចណាស់បីនាក់ រួមទាំងស្ត្រីម្នាក់ ត្រូវបានសម្លាប់នៅពេលការវាយប្រហាររបស់អ៊ីស្រាអែល បានប៉ះចំផ្ទះមួយកន្លែងនៅទីនោះ។
ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៧ នាក់កាលពីថ្ងៃពុធ១៩វិច្ឆិកា ដោយភាគីអ៊ីស្រាអែល និងហាម៉ាស ចោទដាក់គ្នា ថាបានរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះហើយ ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សបួននាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍២០ វិច្ឆិកា៕


