មន្ត្រីនៅក្នុងរដ្ឋបាលលោក Trump កាលពីថ្ងៃសៅរ៍បានពិភាក្សាអំពីលទ្ធភាពនៃការទម្លាក់ខិត្តប័ណ្ណលើរដ្ឋធានីការ៉ាកាស (Caracas)របស់ប្រទេសវ៉េណេស៊ុយអេឡា ខណៈខ្លួនកំពុងព្យាយាមធ្វើឱ្យរបបរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro ចុះខ្សោយ។
ក្នុងចំណោមមធ្យោបាយដែលអាចពិភាក្សាទាក់ទងនឹងប្រតិបត្តិការសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា គឺការទម្លាក់ខិត្តប័ណ្ណរបស់សហរដ្ឋអាមេរិកនៅលើរដ្ឋធានី ការ៉ាកាស ជាប្រភេទសង្គ្រាមផ្លូវចិត្តមួយដើម្បីដាក់សម្ពាធលើលោក Maduro នេះបើយោងតាមមន្ត្រីអាមេរិកជាច្រើនរូបដែលដឹងការពិភាក្សានេះ បានប្រាប់សារព័ត៌មាន CBS News។
ក្រុមមន្ត្រីទាំងនោះបាននិយាយថា ប្រតិបត្តិការនេះ ដែលមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយ អាចនឹងកើតឡើងនៅថ្ងៃអាទិត្យ ហើយត្រូវនឹងថ្ងៃកំណើតគម្រប់៦៣ ឆ្នាំរបស់លោក Maduro។
សារព័ត៌មាន Washington Post គឺជាកាសែតដំបូងគេដែលបានរាយការណ៍អំពីប្រតិបត្តិការទម្លាក់ខិត្តប័ណ្ណដែលបានស្នើឡើង។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើមេដឹកនាំកំពូលរបស់វ៉េណេស៊ុយអេឡា តាមវិធីជាច្រើន រួមទាំងដាក់កម្លាំងយោធាកាន់តែទូលំទូលាយនៅក្នុងតំបន់ សមយុទ្ធបាញ់គ្រាប់ពិត និងការវាយប្រហារលើទូកដឹកគ្រឿងញៀននៅក្នុងតំបន់ការ៉ាអ៊ីប និងប៉ាស៊ីហ្វិកខាងកើត ។នៅសប្ដាហ៍នេះដែរ លោក Trump បានលើកឡើងថាវ៉េណេស៊ុយអេឡា ចង់ចរចាជាមួយអាមេរិក ហើយជម្លៀសយោធានៅតែស្ថិតនៅលើតុដដែល៕


