បាត់ដំបង៖ ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីមហិច្ឆតា ពង្រីកការផលិត ទឹកស្អាតនៅក្នុងខេត្តបាត់ដំបង ឱ្យបានជាង ៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង កាលពីម្សិលមិញ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មានសមត្ថភាពផលិត បានប្រមាណ៣៣ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះ មិនទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះឡើយ។
ឆ្លើយតបនឹងកំណើន នៃការប្រើប្រាស់ទឹកស្អាតនេះ ឯកឧត្តម គឹម ទូច បានលើកឡើងថា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះ ហត្ថលេខារួចរាល់ហើយជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង បន្ថែមចំនួន៥ម៉ឺនម៉ែត្រត្រីគុណទៀតក្នុងមួយថ្ងៃ។
ឯកឧត្តម បានបញ្ជាក់ថា ការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង មិនអាចខ្វះបានឡើយ ពីការផ្គត់ផ្គង់ ទឹកស្អាត ដូច្នេះក្រសួងឧស្សាហកម្ម បានជំរុញធ្វើយ៉ាងណាឱ្យខេត្តបាត់ដំបង នាពេលខាងមុខ មានសមត្ថ ភាពផលិតទឹកស្អាតរហូតដល់ជាង៨ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។
ឯកឧត្តម គឹម ទូច បានឱ្យដឹងទៀតថា សព្វថ្ងៃ ក្រសួងឧស្សាហកម្ម បានផ្ទេរមុខងារមួយចំនួន ទៅ ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើការងារជំនួសក្រសួង ហើយនៅពេលខាងមុខ នឹងផ្ទេរមុខងារទៅដល់ ក្រុង ស្រុក ខណ្ឌ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺកត្តាកង្វះធនធានមនុស្ស ដូច្នេះ ក្រសួងនឹងខិតខំបណ្ដុះបណ្ដាលមន្រ្តីក្រុង ស្រុក ខណ្ឌ ឱ្យមានសមត្ថភាពទទួលជាភ្នាក់ងារឧស្សាហកម្មនៅពេលខាងមុខ យ៉ាងយូរបំផុតនៅត្រីមាសទី១ ឬទី២ ឆ្នាំនេះ ក្នុងគោលដៅបម្រើសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ៕អត្ថបទ៖ នឿត សុភក្ត្រ