ដោយទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ និងមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយយល់ដឹងឱ្យបានស៊ីជម្រៅដល់ប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព៕








