អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ» របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យរបស់សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាអេឡិចត្រូនិក ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងដាក់ឱ្យដំណើរការជាបណ្តើរៗ បានជួយបង្កើននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៍ សម្រាប់ស្ថាប័នរដ្ឋសភា ដោយសារតែរាល់ទិន្នន័យ និងសកម្មភាពការងារទាំងអស់ ត្រូវបានកត់ត្រា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ធ្វើឱ្យការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា មានភាពច្បាស់លាស់ ងាយស្រួលក្នុងការត្រួតពិនិត្យ ហើយអាចកំណត់អ្នកទទួលខុសត្រូវយ៉ាងច្បាស់លាស់ផងដែរ។

ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខា ធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា បានធ្វើកំណែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង សភាឌីជីថល(E-Parliament )។ ការកែទម្រង់និងការអភិវឌ្ឍនេះ បានកំពុងដំណើរការទៅមុខ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិក របស់រដ្ឋសភា នីតិកាលទី៧ នេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តមោះមុតរបស់ រដ្ឋសភាក្នុងការបន្ស៊ីយុទ្ធសាស្រ្តការងារ ការបង្កើតភាពប្រទាក់ក្រឡា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងផែនការអនុវត្តការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីធ្វើយ៉ាងណា ជំរុញការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនិងហិរញ្ញវត្ថុសាធារណៈ កាន់តែមានប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព និងប្រកាន់ខ្ជាប់នូវទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានរំលឹកពីអនុសាសន៍ ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលធ្លាប់បានលើកឡើងនាពេលកន្លងមកជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបន្តអនុវត្តជាក់ស្តែង ដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក ក្នុងនោះមាន អនុសាសន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចំនួន ៦ អនុសាសន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ចំនួន ៥ និងអនុសាសន៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ចំនួន៣ចំណុច។
ឯកឧត្តមបណ្ដិត កែវ ពិសិដ្ឋ បានរំលឹកនូវ អនុសាសន៍ចំនួន ៦ របស់សម្តេចប្រធានរដ្ឋសភា ទាំង៦ចំណុចមាន ៖
- ទី១៖ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្នាដៃថ្មីៗ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឬសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ។
- ទី២៖ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនដល់គណៈកម្មាធិការអចិន្រៃ្តយ៍ គណៈកម្មការជំនាញ និងសមាជិក សមាជិកាសភា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។
- ទី៣៖ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។
- ទី៤៖ បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី ស្របទៅនឹងតម្រូវការ ការងាររបស់អង្គភាពទទួលបន្ទុក ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល សំដៅធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការវាយតម្លៃសមត្ថភាពនិងជំនាញរបស់មន្រ្តី (Human Resource Mapping) និងការសិក្សាពីតម្រូវការ (Need Assessment)។
- ទី៥៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានគុណធម៌ ចេះដឹងសុខទុក្ខរបស់មន្រ្តី ហើយត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមគ្រប់ៗគ្នាពីមន្រ្តី ដោយចៀសវាងដាច់ខាតនូវ ជំងឺតួឯក និងការយកប្រយោជន៍សួនតួជាធំ
- ទី៦៖ បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នសំដៅធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្ន(Inclusive) សមភាព (Equity) តម្លាភាព(Transparency) និងគណនេយ្យភាព (Accountability)។
សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ កម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាព ឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ» កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសណ្ឋាគារឌីយ៉ាម៉ង់ ក្នុងខេត្តកំពត៕





