កិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូងបានបញ្ចប់កាលពីថ្ងៃអាទិត្យដោយអវត្តមានរបស់អាមេរិក ជាប្រទេសបន្ទាប់ដែលដឹកនាំប្លុកនេះ បន្ទាប់ពីរដ្ឋបាលលោក Trump បានធ្វើពហិការកិច្ចពិភាក្សារយៈពេលពីរថ្ងៃក្រោមវត្តមានមេដឹកនាំនៃប្រទេសដែលមានជាងគេបំផុត និងកំពុងអភិវឌ្ឍន៍ធំៗរបស់ពិភពលោក។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថាកិច្ចប្រជុំកំពូលនៅទីក្រុង Johannesburg បានបិទដោយការគោះញញួរឈើលើវត្ថុមួយដូចដែលចៅក្រមធ្វើ តាមប្រពៃណីកិច្ចប្រជុំប្រទេសG20។ ញញួរជាធម្មតានឹងត្រូវបានប្រគល់ឱ្យមេដឹកនាំប្រទេសបន្ទាប់ដើម្បីកាន់តំណែងប្រធានប្តូរវេន ប៉ុន្តែគ្មានមន្ត្រីអាមេរិកណាម្នាក់នៅទីនោះដើម្បីទទួលយកទេ។ ជាមួយគ្នានោះ លោក Ramaphosa បាននិយាយថាសេចក្តីប្រកាស បានមកពីកិច្ចប្រជុំកំពូល G20 កាលពីចុងសប្ដាហ៍នេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តជាថ្មីចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកមួយនេះ បានធ្វើពហិការកិច្ចប្រជុំកំពូលដែលបាននាំបណ្ដាមេដឹកនាំប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍មកជួបជុំគ្នាជុំវិញការអះអាងរបស់ប្រធានាធិបតី Donald Trump ថាអាហ្វ្រិកខាងត្បូងកំពុងធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅចំពោះជនជាតិស្បែកស Afrikaner របស់ខ្លួន។សេតវិមានថា ខ្លួនមានបំណងសម្រេចចិត្តនៅនាទីចុងក្រោយសម្រាប់មន្ត្រីមួយរូបមកពីស្ថានទូតរបស់ខ្លួននៅអាហ្វ្រិកខាងត្បូងដើម្បីចូលរួមពិធីប្រគល់ញញួរG20។ ប៉ុន្តែអាហ្វ្រិកខាងត្បូងបានបដិសេធរឿងនោះ ដោយនិយាយថាវាជាការប្រមាថមួយសម្រាប់លោក Ramaphosa ដែលបានប្រគល់ភារកិច្ចទៅឱ្យមន្ត្រីស្ថានទូតវ័យក្មេងម្នាក់។ នៅទីបញ្ចប់ គ្មានគណៈប្រតិភូអាមេរិករូបណាមួយត្រូវបានទទួលសិទ្ធិសម្រាប់កិច្ចប្រជុំកំពូលនោះទេ នេះបើយោងតាមក្រសួងការបរទេសអាហ្វ្រិកខាងត្បូង។

ប្រទេស G20 ផ្សេងទៀត រួមមានចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និងកាណាដា គាំទ្រសេចក្តីប្រកាសអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាសកលបន្ថែមទៀតលើបញ្ហាដែលប៉ះពាល់ដល់ប្រទេសក្រីក្រជាពិសេស ដូចជាតម្រូវការសម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ពួកគេបន្ទាប់ពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ការស្វែងរកវិធីដើម្បីបន្ធូរបន្ថយកម្រិតបំណុលរបស់ខ្លួន និងការគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលបៃតងដែលមិនប៉ះពាល់ដល់អាកាសធាតុ៕