រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ជារឿង "ដ៏ភ្ញាក់ផ្អើលណាស់" សម្រាប់មេដឹកនាំជប៉ុន ក្នុងការបញ្ជូនសញ្ញាខុសទាំងបើកចំហ ទាក់ទងនឹងកោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ដែលជាការលើកឡើងចុងក្រោយបំផុតក្នុងភាពតានតឹងនៃទំនាក់ទំនងប្រទេសជិតខាងទាំងពីរអស់ជាង ២សប្តាហ៍មកនេះ។

លោក Wang គឺជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលបានបញ្ចេញមតិជាសាធារណៈលើបញ្ហានេះ ដោយក្នុងនោះ លោកក៏បាននិយាយថា ជប៉ុន កំពុងឆ្លងបន្ទាត់ក្រហមហើយ ដែលមិនត្រូវប៉ះពាល់ជាដាច់ខាត នេះបើតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសចិន។

លោក Wang បានលើកឡើងបែបនេះ សំដៅទៅលើការអត្ថាធិប្បាយនៅថ្ងៃទី៧ ខែវិច្ឆិកា ដែលក្នុងនោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រាប់សភាថា ការវាយក្រសោបរបស់ចិន លើកោះតៃវ៉ាន់ អាចនាំឱ្យមានការឆ្លើយតបខាងយោធាពីក្រុងតូក្យូ។ ភាពតានតឹងជាបន្តបន្ទាប់ ដែលជាវិបត្តិចិន-ជប៉ុនដ៏ធំបំផុតក្នុងពេលជាច្រើនឆ្នាំ បានរីករាលដាលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាហ្រ្វិកខាងត្បូង បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 លោកស្រី Takaichi កាលពីថ្ងៃអាទិត្យ មិនបាននិយាយទាក់ទងនឹងសុន្ទរកថារបស់លោក Wang នោះទេ ដោយគ្រាន់តែនិយាយថា ជប៉ុន នៅតែបើកចំហជានិច្ចសម្រាប់ការសន្ទនាជាមួយចិន៕

