ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងផ្តល់ជំនាញដល់អ្នកជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើការនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ដូចជា ឧស្សាហកម្មយានយន្ត ថាមពលស្អាត ការផលិតឧបករណ៍ទំនើប ការកែច្នៃកសិកម្ម អេឡិចត្រូនិច និងព័ត៌មានវិទ្យា។
វិទ្យាស្ថាន Bendigo Kangan Institute (BKI) នៃប្រទេសអូស្ត្រាលី សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រុមហ៊ុន RMA Cambodia បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដែលជាវិទ្យាស្ថាន TVET ស្តង់ដារអន្តរជាតិ ដើម្បីបណ្តុះបណ្តាលជំនាញដល់ប្រជាជនកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកានិច និងជួសជុលដែលមានសមត្ថភាពខ្ពស់។
ជំនាញទាំងនេះមានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញដែលមានសមត្ថភាពខ្ពស់សម្រាប់វិស័យផលិតយានយន្ត និងការដាក់ឱ្យដំណើរការរថយន្តអគ្គិសនី។ វិទ្យាស្ថាន BKI កំពុងធ្វើការដើម្បីធានាថា គំរូ TVET ឈានមុខគេលំដាប់ពិភពលោករបស់អូស្ត្រាលីអាចផ្ទេរ និងអនុវត្តបាននៅកម្ពុជា។
នៅថ្ងៃទី ២១ ខែវិច្ឆិកា លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាតំណាងពីវិទ្យាស្ថាន BKI និងក្រុមហ៊ុន RMA ដើម្បីចូលរួមពិធីសម្ពោធសាកល្បងមជ្ឈមណ្ឌលនេះ។
នេះជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀតបង្ហាញពីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ក្នុងវិស័យអប់រំ ដែលរួមចំណែកបង្កើតអនាគតភ្លឺស្វាងសម្រាប់កម្ពុជា៕





