យោធាអ៊ីរបស់ប្រទេសស្រាអែល និយាយថា អ៊ីស្រាអែលបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធហេសបូឡាក្នុងការវាយប្រហារតាមអាកាសនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូតកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ទោះបីជាមានបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពី១ឆ្នាំកន្លងទៅនេះក៏ដោយ។ ការវាយប្រហារនេះ ជាការវាយប្រហារលើកដំបូងនៅជាយក្រុងនៃរដ្ឋធានីរបស់ប្រទេសលីបង់ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដែលបានកំណត់គោលដៅលើនាយសេនាធិការស្តីទីរបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ គឺលោក Ali Tabtabai។

ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Tabtabai នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកាន់ទុក្ខលោកថាជា «មេបញ្ជាការក្រុមជីហាដដ៏អស្ចារ្យ» ជាអ្នកដែលបាន «ធ្វើការក្នុងប្រឈមមុខជាមួយសត្រូវអ៊ីស្រាអែលរហូតដល់ពេលចុងក្រោយនៃជីវិតរបស់លោក» ។

មន្ត្រីក្រុមហេសបូឡាលោក Mahmoud Qmati បាននិយាយនៅពេលដែលលោកឈរនៅជិតអគារដែលត្រូវបានទម្លាក់គ្រាប់បែកមួយកន្លែង ជាបន្ទាយរបស់ក្រុមហេសបូឡាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានឆ្លង«ខ្សែបន្ទាត់ក្រហម» ។ លោកនិយាយបន្ថែមថា មេដឹកនាំរបស់ក្រុមហេសបូឡានឹងសម្រេច ថាតើក្រុមនេះនឹងឆ្លើយតបយ៉ាងដូចម្តេច និងដោយរបៀបណា។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស៥នាក់ និងរបួស ២៨ នាក់ផ្សេងទៀត។ ការវាយប្រហារបានធ្លាក់ទៅលើអគារកម្ពស់ច្រើនជាន់ ដោយបានបញ្ជូនកម្ទេចកម្ទីធ្លាក់ ទៅលើរថយន្តនៅតាមផ្លូវខាងក្រោម។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ លោក Tabtabai កាលពីឆ្នាំ ២០១៦ ដោយកំណត់អត្តសញ្ញាណលោកថាជាមេដឹកនាំក្រុមហេសបូឡាដ៏សំខាន់ម្នាក់ និងផ្តល់រង្វាន់រហូតដល់៥លានដុល្លារអាមេរិកសម្រាប់ព័ត៌មានអំពីលោក។