ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ព្រំដែនប្រទេសអ៊ុយក្រែន មិនអាចត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំងបានទេ ហើយកងទ័ពក៏មិនអាចត្រូវបានកាត់បន្ថយបានដែរ ដែលធ្វើឱ្យវាងាយរងគ្រោះក្នុងការវាយប្រហារ ហើយសហភាពអឺរ៉ុបត្រូវតែមានតួនាទីជាកណ្តាលនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍របស់ លោកស្រី Von der Leyen កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា បានធ្វើឡើងខណៈមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានបើកការចរចានៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឯកភាពគ្នាលើធាតុផ្សំសំខាន់ៗដែលចាំបាច់សម្រាប់សន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន។ សូមឱ្យខ្ញុំបានបញ្ជាក់បីចំណុចក្នុងចំណោមចំណុចទាំងនោះ ទីមួយ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំងបានទេ»។ «ទីពីរ ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ពុំអាចមានការកំណត់លើកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ដែលនឹងធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយការវាយប្រហារនាពេលអនាគត ហើយដោយហេតុបែបនេះ ក៏នឹងធ្វើឱ្យសន្តិសុខអឺរ៉ុបចុះខ្សោយផងដែរ»។
«ទីបី សារៈសំខាន់របស់សហភាពអឺរ៉ុបក្នុងការធានាបានសន្តិភាពសម្រាប់អ៊ុយក្រែន ត្រូវតែឆ្លុះបញ្ចាំងយ៉ាងពេញលេញ។ អ៊ុយក្រែនត្រូវតែមានសេរីភាព និងសិទ្ធិអធិបតេយ្យភាពក្នុងការជ្រើសរើសជោគវាសនាផ្ទាល់ខ្លួន។