បង់ក្លាដែសបានស្នើសុំឱ្យឥណ្ឌាធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលទើបតែត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ ជុំវិញការបង្ក្រាបដ៏សាហាវកាលពីឆ្នាំមុនប្រឆាំងនឹងការបះបោរដឹកនាំដោយក្រុមចលនានិស្សិត។

លោក Touhid Hossain ទទួលបន្ទុកកិច្ចការបរទេសក្នុងរដ្ឋបាលបណ្ដោះអាសន្នរបស់បង់ក្លាដែស កាលពីថ្ងៃអាទិត្យ បាននិយាយថា ទីក្រុងដាកា(Dhaka) បានផ្ញើលិខិតមួយច្បាប់កាលពីពីរថ្ងៃមុន ដោយជំរុញឱ្យទីក្រុង New Delhi ប្រគល់អតីតមេដឹកនាំដែលរត់គេចខ្លួន។
លោកស្រី Hasina វ័យ៧៨ ឆ្នាំ បានលាក់ខ្លួនក្នុងប្រទេសឥណ្ឌា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកស្រី នៅពេលជាជានាយករដ្ឋមន្ត្រីបង់ក្លាដែសអស់រយៈពេល១៥ ឆ្នាំ រហូតដល់របបគ្រប់គ្រងខ្លួនត្រូវបានផ្តួលរំលំក្នុងការបះបោរដ៏ធំមួយនៅខែសីហា ឆ្នាំ២០២៤ ដែលមនុស្សជាង១.៤០០ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមអង្គការសហប្រជាជាតិ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិពិសេស (ICT) នៅទីក្រុងដាកា បានកាត់ទោសលោកស្រី Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានកាត់ទោសប្រហារជីវិត បំពេញតាមការសន្យាដ៏សំខាន់មួយរបស់រដ្ឋាភិបាលបណ្ដោះអាសន្ន ដែលដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលោក Muhammad Yunus។
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ក្រសួងការបរទេសបង់ក្លាដែសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌាមានការទទួលខុសត្រូវជាកាតព្វកិច្ច ក្រោមសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៣ ដើម្បីសម្រួលដល់ការវិលត្រឡប់របស់អតីតមេដឹកនាំរូបនេះ។
ក្រសួងការបរទេសឥណ្ឌាបានឆ្លើយតបដោយនិយាយថា ខ្លួនបានដឹងសាលក្រមរបស់លោកស្រី Hasina។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌាមិនទាន់បានធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃការធ្វើបត្យាប័នលោកស្រីនៅឡើយទេ។ កាសែតបង់ក្លាដែស Prothom Alo និយាយថា ទីក្រុងដាកា បានធ្វើសំណើធ្វើបត្យាប័នយ៉ាងហោចណាស់បីលើកមកហើយ៕

