អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ថា សហរដ្ឋអាមេរិក បានបង្ហាញថា ខ្លួនកំពុងតែខ្វះជំហរចរចាបែបម៉ឺងម៉ាត់ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

ជាការឆ្លើយតបទៅនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងរបាយការណ៍ថ្មីៗពីការអះអាងរបស់លោកប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ទំនងជាមានកម្រិតខ្ពស់ លោក Baghaei បាននិយាយថា៖ សហរដ្ឋអាមេរិក ពុំមានការយល់ដឹងត្រឹមត្រូវអំពីកិច្ចចរចាទេ ដូច្នេះ សកម្មភាពរបស់អាមេរិកទើបអាចបញ្ជាក់រឿងនេះបាន ពុំមែនជាការថ្លែងផ្ទាល់មាត់របស់ខ្លួននោះឡើយ។
លោក Baghaei បន្តថា "កិច្ចចរចារបស់សហរដ្ឋអាមេរិក គឺផ្អែកលើបទបញ្ជា និងការកំណត់ ជាជាងផលប្រយោជន៍ទៅវិញទៅមកក្នុងផ្នែកការទូត។ ដរាបណាសហរដ្ឋអាមេរិក នៅតែបន្តធ្វើរបៀបនេះ នោះកិច្ចចរចាប្រកបដោយអត្ថន័យនឹងមិនកើតឡើងទេ"។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទទីក្រុងតេអេរ៉ង់ថា បានប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាការលាក់បាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់និយាយម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕

