តុលាការមួយដែលគ្រប់គ្រងដោយក្រុមហ៊ួទីនៅក្នុងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍បានកាត់ទោសប្រហារជីវិតបុគ្គលិកជំនួយយេម៉ែនចំនួន ១៨ នាក់ ដែលធ្វើការឲ្យទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល។

សេចក្តីសម្រេចរបស់តុលាការ បានបញ្ជាក់ថា «អ្នកទោស» នឹងត្រូវប្រហារជីវិតដោយក្រុមអ្នកបាញ់សម្លាប់ នៅកន្លែងសាធារណៈមួយ ក្នុងទីក្រុង Sanaa ។ ទន្ទឹមនឹងនេះ តុលាការដដែល បានកាត់ទោសមនុស្ស ២ នាក់ផ្សេងទៀត រួមទាំងស្ត្រីម្នាក់ ឲ្យឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទចោទប្រកាន់ដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយក្រុម ហ៊ួទី តុលាការបានចោទប្រកាន់អ្នកទោសទាំងនោះ ពីបទផ្តល់ព័ត៌មានដល់អ៊ីស្រាអែល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអារ៉ាប៊ីសាអ៊ូឌីតអំពីទីតាំង សកម្មភាពនានា និងការសម្ងាត់រាប់សិបករណីរបស់មេដឹកនាំហ៊ួទីទាក់ទងនឹងបញ្ហានយោបាយ យោធា និងសន្តិសុខ ក៏ដូចជាព័ត៌មានអំពីមីស៊ីល រួមទាំងទីតាំងបាញ់ និងកន្លែងផ្ទុករបស់ពួកវា។
តុលាការបានបន្ថែមថា ជនជាប់ចោទទាំងនោះ បានជ្រើសរើសពលរដ្ឋជាច្រើននាក់ ដំឡើងកាមេរ៉ាឃ្លាំមើល និងទទួលបានប្រាក់ជាថ្នូរ ដែលជាសកម្មភាពនាំឲ្យមានការវាយប្រហារលើទីតាំងយោធា សន្តិសុខ និងជនស៊ីវិលជាច្រើន ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។
កាលពីខែសីហា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើទីក្រុង Sanaa ដែលធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ក្រុមហ៊ួទី ទៅលើអ៊ីស្រាអែល បានសម្លាប់មន្ត្រីហ៊ួទីរាប់សិបនាក់ ក្នុងនោះមាន«រដ្ឋមន្ត្រី» ចំនួន ១២ នាក់ និងលោក Mohammed Abdulkarim al-Ghamari នាយសេនាធិការនៃកងកម្លាំងយោធាហ៊ួទី ដោយបានបង្កការខូតយ៉ាងធ្ងន់ធ្ងរដល់ចលនានេះ៕