រដ្ឋមន្ត្រីក្រសួងរតនាគាររបស់ទីក្រុងវ៉ាស៊ីនតោន លោក Scott Bessent កាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) បាននិយាយថា ការបិទរដ្ឋាភិបាលអស់រយៈពេល ៤៣ថ្ងៃ ដ៏យូរបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានផលប៉ះពាល់ខាតបង់ជាអចិន្ត្រៃយ៍ចំនួន ១១ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចអាមេរិក ប៉ុន្តែលោកបានបង្ហាញសុទិដ្ឋិនិយមលើចក្ខុវិស័យកំណើននៅឆ្នាំក្រោយនេះ ជុំវិញការបន្ធូរបន្ថយអត្រាការប្រាក់ និងការបន្ទាបពន្ធអាករ។
ថ្លែងក្នុងកម្មវិធីរបស់ទូរទស្សន៍ NBC លោក Bessent បាននិយាយថា ផ្នែកខ្លះនៃសេដ្ឋកិច្ចអាមេរិក ដែលរសើបខ្លាំងទៅនឹងអត្រាការប្រាក់ រួមទាំងវិស័យលំនៅដ្ឋាន បានធ្លាក់ចូលក្នុងវិបត្តិ ប៉ុន្តែលោកមើលឃើញថា សេដ្ឋកិច្ចទាំងមូលពុំមានហានិភ័យនៃកំណើនអវិជ្ជមាននោះទេ។

ប្រមុខរតនាគាររូបនេះ បានបន្ទោសសេដ្ឋកិច្ចផ្នែកសេវាកម្ម ថាជាមូលហេតុពីក្រោយអតិផរណា ដោយរំលឹកឡើងវិញនូវជំហរដ៏យូរលង់របស់រដ្ឋបាលប្រធានាធិបតី Donald Trump លើរឿងនេះ ហើយសង្កត់ធ្ងន់ថា លោករំពឹងថា តម្លៃថាមពលទាប នឹងជួយបន្ទាបតម្លៃទំនិញកាន់តែទូលំទូលាយ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump កំពុងផ្តោតយ៉ាងខ្លាំងលើការចំណាយប្រចាំថ្ងៃក្នុងតម្លៃសមរម្យ បន្ទាប់ពីបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតតាមរដ្ឋ និងក្នុងតំបន់ជាច្រើន និងស្របពេលការថយចុះនៃអត្រាគាំទ្ររបស់លោក -បច្ចុប្បន្ននៅកម្រិត ៣៨% - ដែលជាកម្រិតទាបបំផុត ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចជាថ្មី នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos នាពេលថ្មីៗនេះ៕
