ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅឆ្នាំ ២០២៤ ខាងមុខ កំណើនសេដ្ឋកិច្ចនៅកម្ពុជា នឹងងើបឡើងវិញដល់ខ្ទង់ ៧ ភាគរយ ដូចស្ថានភាពសេដ្ឋកិច្ចនៅមុនវិបត្តិកូវីដ១៩។
ការរំពឹងទុកនេះ ត្រូវបានប្រកាសឲ្យដឹងដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ៣ ភាគរយ និងនៅឆ្នាំ ២០២២ នេះ រំពឹងថា នឹងកើនឡើងដល់ ៥, ៦ភាគរយ ព្រមទាំងនៅឆ្នាំ ២០២៣ រំពឹងថា នឹងកើនឡើង ៦,៥ ភាគរយ ខណៈនៅឆ្នាំ ២០២៤ ស្ថានភាពសេដ្ឋកិច្ចនឹងវិលមករកស្ថានភាពដើមដូចមុន មានវិបត្តិកូវីដ ១៩ វិញ។



