សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងបន្តការងារនៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ ជុំវិញផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានព្រមព្រៀងកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ផ្ដល់ផលចំណេញពេកទៅឲ្យទីក្រុងមូស្គូ។
ភាគីទាំង២ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេបានព្រាងនូវ «ក្របខ័ណ្ឌសន្តិភាពល្អប្រសើរជាងមុន» បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទោះបីជាភាគីទាំង២ មិនបានផ្តល់សេចក្ដីលម្អិតក៏ដោយ។
ចំណែកសេតវិមានបានឲ្យដឹងដាច់ដោយឡែកថា គណៈប្រតិភូអ៊ុយក្រែន បានប្រាប់ពួកគេថា ផែនការនោះ «ឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិរបស់ពួកគេ» និង «ដោះស្រាយតម្រូវការយុទ្ធសាស្ត្រស្នូលរបស់ពួកគេ» ទោះបីជាទីក្រុងគីវ មិនបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនផ្ទាល់ក៏ដោយ។

យ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើផែនការដែលត្រូវបានធ្វើបច្ចុប្បន្នភាពនេះ នឹងដោះស្រាយបញ្ហាមួយចំនួនដោយរបៀបណា ដោយក្នុងនោះរួមមានទាំងវិធីធានាសន្តិសុខដល់អ៊ុយក្រែន ប្រឆាំងនឹងការគំរាមកំហែងដែលកំពុងបន្តមានពីរុស្ស៊ី។ សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានបញ្ជាក់ថា ភាគីទាំង២ នឹងបន្ត «ការងារយ៉ាងម៉ត់ចត់» មុនពេលកំណត់នាថ្ងៃព្រហស្បតិ៍ ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបានដឹកនាំគណៈប្រតិភូអាមេរិក ក្នុងអំឡុងពេលមានកិច្ចចរចា បានវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ កាលពីល្ងាចថ្ងៃអាទិត្យក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តដាក់សម្ពាធលើអ៊ុយក្រែន ដើម្បីឲ្យព្រមព្រៀងឈានដល់កិច្ចព្រមព្រៀង។ នៅមុននេះ លោក Trump បានកំណត់យកថ្ងៃព្រហស្បតិ៍ឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទទួលយកផែនការសន្តិភាពមួយ ប៉ុន្តែលោក Rubio បាននិយាយកាលពីថ្ងៃអាទិត្យថា ពេលវេលាកំណត់នេះ អាចនឹងមានការប្រែប្រួល។
គួរបញ្ជាក់ថា សំណើ ២៨ចំណុចដំបូងដែលដាក់ចេញដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានអំពាវនាវឲ្យអ៊ុយក្រែនព្រមបោះបង់ដែនដី ទទួលយកការកំណត់ចំនួនយោធារបស់ខ្លួន និងបោះបង់ចោលមហិច្ឆតាចូលរួមជាមួយអង្គការណាតូ (NATO)៕
