ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងនៃទីក្រុងបេរូត ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់។
លោកត្រូវដកស្រង់សម្តីដោយសេវាសារព័ត៌មានប្រធានាធិបតីថា៖«អ៊ីស្រាអែលមិនអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ ហើយបន្តបង្កើនភាពតានតឹងផ្នែកយោធារបស់ខ្លួន»។

លោកបានរំលឹកថា រយៈពេលពេញមួយឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានចុះហត្ថលេខា រដ្ឋាភិបាលលីបង់ បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធ្វើឲ្យស្ថានការណ៍មានស្ថិរភាព និងដោះស្រាយជម្លោះនេះ។ លោក Aoun បានសង្កត់ធ្ងន់ថា៖«ប៉ុន្តែអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើណាមួយរបស់យើងទេ ហើយបន្តដំណើរការឈ្លានពានរបស់ខ្លួន»។
ប្រភពមួយនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់លីបង់ បានប្រាប់គេហទំព័រព័ត៌មាន Elnashra ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់នាយសេនាធិការរបស់ក្រុមហេសបូឡា លោក Haytham Ali Tabtabai។ យោងតាមប្រភពនោះ មីស៊ីលចំនួន ៦គ្រាប់ ត្រូវបានបាញ់ទៅលើសង្កាត់មួយ ដែលបុរសនេះ កំពុងស្នាក់នៅ។
យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែល បានឆក់យកជីវិតមនុស្ស ៥នាក់ និងបានបង្កឲ្យ មនុស្ស ២៨នាក់ ផ្សេងទៀត រងរបួស៕
