សមាគមគ្រិស្តបរិស័ទនៃប្រទេសនីហ្សេរីយ៉ា (CAN) កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) បានឲ្យដឹងថា សិស្សចំនួន ៥០នាក់ ដែលត្រូវបានចាប់ជំរិតពីសាលាកាតូលិកមួយ នៅភាគខាងជើងនីហ្សេរីយ៉ា កាលពីថ្ងៃសុក្រ បានវិលត្រលប់ទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញហើយ បន្ទាប់ពីបានរត់គេចពីក្រុមអ្នកចាប់ខ្លួន។
គួរបញ្ជាក់ថា យោងតាមគេហទំព័រ CAN បានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធ បានចាប់ពង្រត់ក្មេងៗចំនួន ៣០៣នាក់ និងគ្រូបង្រៀន ១២នាក់ ពីសាលាកាតូលិកឯកជន St. Mary’s Private Catholic នៅរដ្ឋ Niger របស់ប្រទេសនេះ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក។ សិស្សានុសិស្សទាំងនោះ មានទាំង ២ភេទ ដោយខ្លះអាយុតិចរហូតដល់ ១០ឆ្នាំ។
អ្នកនាំពាក្យសាខារដ្ឋ Niger របស់ CAN លោក Daniel Atori បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «កូនសិស្សបាននាំគ្នារត់គេចខ្លួន នៅរវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយបានទៅជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញ ខណៈដែលពួកគេមិនអាចត្រឡប់ទៅសាលាវិញបានឡើយ បន្ទាប់ពីបានរត់គេចខ្លួន»។

ហើយលោក Atori បានបញ្ជាក់បន្ថែមថា កុមារចំនួន ២៥៣នាក់ ក្នុងនោះរួមមានទាំងសិស្ស ២៥០នាក់ មកពីសាលានេះ និងកុមារ ៣នាក់ដែលជាកូនៗរបស់បុគ្គលិកសាលា និងគ្រូបង្រៀន ១២នាក់ផ្សេងទៀត នៅតែជាប់ឃុំខ្លួនដដែល។
សម្តេចសង្ឃកាតូលិក ប៉ាប ឡេអូ បានអំពាវនាវឲ្យមានការដោះលែងសិស្សានុសិស្ស និងគ្រូបង្រៀន អំឡុងពេលមានព្រះបន្ទូលក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់ព្រះអង្គនៃពិធីអធិដ្ឋាន Angelus កាលពីថ្ងៃអាទិត្យ ដោយជំរុញឲ្យ «អាជ្ញាធរមានសមត្ថកិច្ចធ្វើការសម្រេចចិត្តដ៏សមស្រប និងទាន់ពេលវេលា ដើម្បីធានាឲ្យមានការដោះលែងពួកគេ»។
ការចាប់ពង្រត់កាលពីថ្ងៃសុក្រនោះ គឺគ្រាន់តែជាហេតុការណ៍ចុងក្រោយបង្អស់នៃការវាយប្រហារកើតឡើងជាបន្តបន្ទាប់ដោយក្រុមប្រដាប់អាវុធ ដែលកំណត់គោលដៅលើប្រជាជនស៊ីវិលងាយរងគ្រោះ និងរៀបចំការចាប់ពង្រត់ទ្រង់ទ្រាយធំ ដើម្បីទាមទារប្រាក់លោះ។ ស្ថានការណ៍នេះបានជំរុញឲ្យសាលារៀនសហព័ន្ធ និងគ្រប់គ្រងដោយរដ្ឋមួយចំនួន នៅភាគខាងជើងនីហ្សេរីយ៉ា បិទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមទៀត៕
