ទូរទស្សន៍រដ្ឋវៀតណាម VTV រាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុមអាជ្ញាធរបានចាប់ផ្តើមកិច្ចខិតខំស្តារឡើងវិញនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ស្របពេលចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ បានកើនឡើងដល់ ៩១នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះមនុស្ស ១១នាក់ នៅបាត់ខ្លួន ។
រូបភាពវីដេអូឃ្លីបពី VTV ឃើញឧទ្ធម្ភាគចក្រមួយគ្រឿង បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះបន្ទាន់ដល់តំបន់រងផលប៉ះពាល់ នៅខេត្ត Dak Lak កាលពីថ្ងៃអាទិត្យ ។
ប្រជាពលរដ្ឋបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដែលរាយប៉ាយដោយកម្ទេចកម្ទី ជាទីដែលគេមើលឃើញ ពួកគេស្រោចស្រង់ទ្រព្យសម្បត្តិ និងរៀបចំទុកដាក់បាវស្រូវដែលរងការខូចខាតដោយសារទឹកជំនន់ ។

នៅខេត្ត Khanh Hoa ប្រជាពលរដ្ឋនាំគ្នាតម្រង់ជួរទទួលយកគ្រឿងសម្ភារៈចាំបាច់ដូចជា ចំណីអាហារ ទឹកផឹក និងសម្លៀកបំពាក់ដែលគេបរិច្ចាគ ។
ភ្លៀងបានធ្លាក់កម្ពស់រហូតដល់ ១.៩០០មីលីម៉ែត្រ តាមតំបន់មួយចំនួននៅភាគកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។ តំបន់មួយនេះ គឺជាតំបន់ក្រវាត់ផលិតកម្មកាហ្វេដ៏សំខាន់មួយ និងជាតំបន់ឆ្នេរដ៏ពេញនិយម ប៉ុន្តែវាក៏ជាតំបន់ងាយរងគ្រោះដោយសារព្យុះ និងទឹកជំនន់ផងដែរ ។
រដ្ឋាភិបាលវៀតណាម ប៉ាន់ប្រមាណថា ទឹកជំនន់លើកនេះ បានធ្វើឲ្យខូចខាតសេដ្ឋកិច្ចប្រហែល ៣៤១លានដុល្លារ ។
ដោយឡែក ទីភ្នាក់ងារគ្រោះមហន្តរាយវៀតណាម និយាយថា ផ្ទះសម្បែងជាង ២៣៥.០០០ខ្នង រងការជន់លិច ហើយដំណាំលើផ្ទៃដីជិត ៨ម៉ឺនហិចតា រងការខូចខាត ៕
