ប្រជាជននីហ្សេរីយ៉ាខ្លះ និយាយថា ពួកគេលែងមានអារម្មណ៍សុវត្ថិភាពទៀតហើយ នៅក្នុងផ្ទះរបស់ពួកគេ ដោយសារការកើនឡើងនូវការចាប់ជំរិត និងអំពើឆក់ប្លន់ រួបរឹតប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិក។ ហើយអ្នកស្រុកកំពុងអំពាវនាវឲ្យរដ្ឋាភិបាលដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមទៀត ដើម្បីការពារវិហារកាតូលិក សាលារៀន និងទីសាធារណៈ។
នៅរដ្ឋធានី Abuja កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) មនុស្សដែលត្រឡប់មកពីព្រះវិហារវិញ បាននិយាយអំពីការភ័យខ្លាចឥតឈប់ឈរ។ ស្ត្រីអ្នកជំនួញឈ្មោះ Ifeoma Aneke បាននិយាយថា មនុស្សមានការភ័យខ្លាចពេក ដែលធ្វើឲ្យលែងទទួលបាននូវដំណេកលក់ស្កប់ស្កល់។
នាងបាននិយាយថា៖ «ខ្ញុំគិតថា គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ។ សំឡេងរំខានណាមួយ នាពេលយប់ ធ្វើឲ្យមនុស្សភ្ញាក់ភ្លាម។ គ្មានកន្លែងណាដែលមានសុវត្ថិភាពនោះទេ នៅក្នុងប្រទេសនីហ្សេរីយ៉ាឥឡូវនេះ»។

ចំណែកនិស្សិតឈ្មោះ Christian Aminu បានជំរុញឲ្យអាជ្ញាធរដាក់បុគ្គលិកសន្តិសុខ នៅតាមវិហារ សាលារៀន និងកន្លែងសាធារណៈផ្សេងទៀត ដើម្បីឲ្យ «មនុស្សអាចមានសុវត្ថិភាពពេលពួកគេស្ថិតនៅកន្លែងបំពេញការងាររបស់ពួកគេ»។
អភិបាលរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ (ទី២២ ខែវិច្ឆិកា) ថា ប្រតិកម្មនេះកើតឡើងបន្ទាប់ពីអាជ្ញាធរក្នុងរដ្ឋ Niger របស់នីហ្សេរីយ៉ា បានបញ្ជាឲ្យបិទសាលារៀនទាំងអស់ បន្ទាប់ពីមានការចាប់ជំរិតដ៏ធំមួយ ខណៈកងកម្លាំងសន្តិសុខប្រញាប់ប្រញាល់សង្គ្រោះសិស្សានុសិស្សដែលត្រូវបានចាប់ពង្រត់ទាំងនោះ។
គួរបញ្ជាក់ថា ក្មេងៗ និងបុគ្គលិកជាង ៣០០នាក់ ត្រូវបានគេគិតថា ត្រូវបានចាប់ពង្រត់ពីសាលាកាតូលិក St. Mary's Catholic ក្នុងរដ្ឋ Niger កាលពីថ្ងៃសុក្រ ដែលជាការចាប់ជំរិតដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ សមាគមគ្រិស្តបរិស័ទនៃប្រទេសនីហ្សេរីយ៉ា បានបង្កើនការប៉ាន់ប្រមាណអ្នកត្រូវបានចាប់ខ្លួននោះដល់ ៣១៥នាក់ ដោយកើនឡើងពីចំនួន ២២៧នាក់៕

