ដោយដកស្រង់លទ្ធផលបឋម គណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំផ្តាច់ខ្លួននៃសាធារណរដ្ឋស៊ែរប៊ីរបស់ប្រទេសបូស្នី គឺលោក Milorad Dodik បានឈ្នះការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដែលជាការប្រកួតប្រជែងដ៏តានតឹងជាមួយបេក្ខជនប្រឆាំង។
ប្រធានគណៈកម្មាការ លោក Jovan Kalaba បានឲ្យដឹងនៅឯសន្និសីទសារព័ត៌មានថា៖ «យោងតាមលទ្ធផលបឋម មិនផ្លូវការ និងមិនពេញលេញ បានបង្ហាញថា លោក Sinisa Karan ទទួលបានសំឡេងឆ្នោត ៥០,៨៩ភាគរយ»។ លោក Kalaba បានឲ្យដឹងទៀតថា បេក្ខជនក្រុមប្រឆាំង លោក Branko Blanusa របស់គណបក្សប្រជាធិបតេយ្យស៊ែរប៊ី (SDS) ទទួលបានសំឡេងគាំទ្រ ៤៧,៨១ភាគរយ។

លោកបានឲ្យដឹងដែរថា អ្នកចេញទៅបោះឆ្នោត មានកម្រិតទាបត្រឹមតែ ៣៥,៧៨ភាគរយ បើធៀបនឹង ៥៣ភាគរយ អំឡុងការបោះឆ្នោតសកល ក្នុងឆ្នាំ២០២២។ មនុស្សជាង ១,២លាននាក់ មានសិទ្ធិបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលដោយផ្អែកលើសន្លឹកឆ្នោតដែលត្រូវបានរាប់ ៩២,៨៧ភាគរយ។
គួរបញ្ជាក់ថា អាណត្តិប្រធានាធិបតីនេះ នឹងមានរយៈពេលមិនដល់មួយឆ្នាំឡើយ ដោយសារការបោះឆ្នោតសកល ត្រូវបានគ្រោងធ្វើឡើងនៅខែតុលាខាងមុខ។ ការបោះឆ្នោតនេះត្រូវបានប្រកាសឡើងបន្ទាប់ពីលោក Dodik ត្រូវបានដកចេញពីតំណែង និងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៦ឆ្នាំ៕

