កាសែត The Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) មិនបានរៀបរាប់លម្អិតអំពីផែនការដំណោះស្រាយជម្លោះនៅអ៊ុយក្រែនទេ។
ប្រភពនេះ បានប្រាប់កាសែតនេះថា៖«លោកប្រធានាធិបតី នឹងព្យាយាមទទួលបានកិច្ចព្រមព្រៀង។ លោកនឹងនិយាយថា «អស្ចារ្យណាស់ ទៅមើលអ្វីដែលអ្នកអាចធ្វើបាន» ហើយនេះ គឺជាកម្រិតនៃព័ត៌មានលម្អិតដែលលោកមាន។ វាពិតជាមានភាពច្របូកច្របល់ទាំងស្រុងពេញមួយថ្ងៃ ពីព្រោះសូម្បីតែផ្នែក ផ្សេងៗនៃសេតវិមាន ក៏មិនដឹងថា មានអ្វីកើតឡើងដែរ»។

ប្រភពមួយទៀត បានប្រាប់សារព័ត៌មាននេះថា រដ្ឋបាលលោក Trump «មិនចាត់ទុកផែនការនេះថា មិនអាចផ្លាស់ប្តូរបានទេ»។ យោងតាមលោក ចាំបាច់ត្រូវមាន«ការទំនាក់ទំនងទៅកាន់ប្រជាជនអ៊ុយក្រែនថា មានឱកាសសម្រាប់ការចរចា»។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនចង់ឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា៖«ការគំរាមកំហែងផ្អាកជំនួយរបស់សហរដ្ឋអាមេរិកគឺធ្ងន់ធ្ងរណាស់»។
នៅថ្ងៃទី ២៣ ខែវិច្ឆិកា កិច្ចប្រជុំត្រូវបានធ្វើឡើងនៅប្រទេសស្វ៊ីសរវាងគណៈប្រតិភូអ៊ុយក្រែន ដៃគូអឺរ៉ុប និងគណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីជំហាន ដើម្បីបញ្ចប់ជម្លោះនេះ។ នាពេលមុននេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា តំណាងទីក្រុងវ៉ា ស៊ីនតោន និងទីក្រុងគីវ មានគម្រោងបញ្ចប់ព័ត៌មានលម្អិតនៃសេចក្តីព្រាងផែនការរបស់អាមេរិក សម្រាប់ដោះស្រាយជម្លោះ ក្នុងអំឡុងពេលចរចា នៅទីក្រុងហ្សឺណែវ៕
