ប្រមុខយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី២៣ ខែវិច្ឆិកា) បានបណ្តេញបុគ្គលិកយោធាជាន់ខ្ពស់ជាច្រើននាក់ និងបានព្រមានអ្នកផ្សេងទៀត ជុំវិញតួនាទីរបស់ពួកគេ ដែលបណ្ដោយឲ្យកើតហេតុការណ៍កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើភាគខាងត្បូងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។
យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីមួយចំនួនត្រូវបានប្រាប់ថា ពួកគេនឹងត្រូវបានឲ្យចាកចេញកាតព្វកិច្ចទាហានបម្រុង ហើយនឹងលែងបានបម្រើក្នុងជួរយោធាទៀតហើយ។ អ្នកផ្សេងទៀតត្រូវបានរងការស្តីបន្ទោសជាផ្លូវការ ខណៈដែលអ្នកផ្សេងត្រូវបានជូនដំណឹងថា សេវាកម្មរបស់ពួកគេ នឹងត្រូវបានបញ្ចប់។ រីឯអ្នកឯទៀតសុំលាលែងពីតំណែង។

អ្នកត្រូវបានជូនដំណឹងទាំងនោះ ដែលថា ពួកគេនឹងត្រូវបានឲ្យចាកចេញពីកាតព្វកិច្ចទាហានបម្រុង រួមមានអតីតប្រធានអគ្គនាយកដ្ឋានចារកម្ម អគ្គនាយកដ្ឋានប្រតិបត្តិការ និងទីបញ្ជាការភូមិភាគខាងត្បូង ដែលត្រូវទទួលខុសត្រូវ ចំពោះតំបន់ហ្កាហ្សា។ ឧត្តមសេនីយ៍ទាំងនេះធ្លាប់បានលាលែងពីមុខងារសកម្ម ប៉ុន្តែនៅតែស្ថិតក្នុងកាតព្វកិច្ចទាហានបម្រុង។
មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានប្រាប់ថា យោធាអ៊ីស្រាអែល «មិនអាចបំពេញបាននូវបេសកកម្មចម្បងរបស់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ដើម្បីការពារជនស៊ីវិលនៃរដ្ឋអ៊ីស្រាអែល»។
វិធានការវិន័យចុងក្រោយនេះ កើតឡើងនៅពេលដែលមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងសម្ពាធសាធារណៈកាន់តែខ្លាំងឡើងៗ ជុំវិញការទទួលខុសត្រូវ ចំពោះការបរាជ័យដែលនាំឲ្យមានការវាយប្រហារនោះ៕
