នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ ប្រទេសចិនបានចាត់ទុកផែនការរបស់ជប៉ុន ក្នុងការដាក់ពង្រាយមីស៊ីល នៅលើកោះមួយ ក្បែកោះតៃវ៉ាន់ថា ជាការប៉ុនប៉ងដោយចេតនា ដើម្បី «បង្កើតភាពតានតឹង និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ក្នុងតំបន់» ខណៈដែលជម្លោះការទូត បានបន្តឡើងកម្ដៅ រវាងប្រទេសទាំង២។

ការកត់សម្គាល់នេះកើតឡើងចំពេលមានវិបត្តិការទូតដ៏អាក្រក់បំផុតរបស់ភាគីទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅខែវិច្ឆិកា បានលើកឡើងដោយសន្មតថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «កងកម្លាំងស្តាំនិយម នៅក្នុងប្រទេសជប៉ុន កំពុងនាំជប៉ុន និងតំបន់ឆ្ពោះទៅកាន់មហន្តរាយ»។ លោកស្រីបានបន្ថែមថា ទីក្រុងប៉េកាំង «មានការប្តេជ្ញាចិត្ត និងសមត្ថភាព ក្នុងការការពារអធិបតេយ្យភាពដែនដីជាតិរបស់ខ្លួន»។
ការអត្ថាធិប្បាយនេះបានកើតមានឡើងបន្ទាប់ពីមានការកត់សម្គាល់កាលពីថ្ងៃទី២៣ ខែវិច្ឆិកាដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ដែលថា ផែនការកំពុង «ឆ្ពោះទៅមុខជាលំដាប់» ក្នុងការដាក់ពង្រាយអង្គភាពមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យម នៅឯមូលដ្ឋានយោធាលើកោះ Yonaguni ដែលជាកោះមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។
ហើយដោយនិយាយជាពិសេសនៅក្នុងបរិបទនៃការលើកឡើងរបស់លោកស្រី Takaichi នាពេលកន្លងមក លោកស្រី Mao បានបញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកាថា៖ «ចំណាត់ការនេះ មានគ្រោះថ្នាក់ខ្លាំង ហើយគួរតែបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមប្រទេសជិតខាង និងសហគមន៍អន្តរជាតិ»៕


