សហរដ្ឋអាមេរិក នឹងដាក់ក្រុមមេខ្លោងជួញដូរគ្រឿងញៀនវេណេស៊ុយអេឡា ចូលទៅក្នុងបញ្ជីអង្គការភេរវកម្មបរទេស(FTO) ។
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងដាក់ក្រុមគ្រឿងញៀនដែលពួកគេអះអាងថាមានទំនាក់ទំនងជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ចូលទៅក្នុងបញ្ជីភេរវកម្ម FTO នៅថ្ងៃចន្ទនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពមួយនេះ ពិតជាមិនមែនជាក្រុមគ្រឿងញៀននោះទេ ប៉ុន្តែចង់សំដៅលើក្រុមមន្រ្តីយោធា និងក្រុមមន្រ្តីដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយនិងសកម្មភាពខុសច្បាប់ផ្សេងទៀត ។

ចំណាត់ការបែបនេះ ដែលនឹងកើតឡើងស្របពេលការដំឡើងយោធាទ្រង់ទ្រាយធំនៅតំបន់សមុទ្រការ៉ាអ៊ីបនៅជិតប្រទេសវេណេស៊ុយអេឡាដោយសហរដ្ឋអាមេរិកនោះ អាចនឹងផ្តល់ការការពារផ្នែកច្បាប់ចំពោះសកម្មភាពយោធាដោយផ្ទាល់ដែលអាចកើតមានឡើង ។
លោក Trumpត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើជំហានបន្ទាប់នៅក្នុងយុទ្ធនាការរបស់លោកប្រឆាំងនឹងប្រទេសនៅអាមេរិកឡាទីនមួយនេះ ។ ការវាយប្រហារដែនដីវេណេស៊ុយអេឡា នឹងបង្កការកើនឡើងដ៏សំខាន់នៃប្រតិបត្តិការយោធារយៈពេលច្រើនខែរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដែលគេមើលឃើញមនុស្សជាង ៨០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារលើទូកដែលរងការចោទប្រកាន់ថា ជួញដូរគ្រឿងញៀន ។
ក្រុមមន្រ្តីអង្គការសហប្រជាជាតិ និងក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បាននិយាយថា ការវាយប្រហារទាំងនេះ គឺជាការបំពានច្បាស់ក្រឡែតរបស់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ហើយព្រមទាំងរាប់បញ្ចូលជាការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ៕
