នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុប(EU) នឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធសហរដ្ឋអាមេរិកលើដែកថែបរបស់ EU ហើយនិងដកពន្ធចេញសម្រាប់ទំនិញ EU ដូចជាស្រាក្រហម និងស្រាបៀ ។
រដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Jamieson Greer នឹងជួបជាមួយក្រុមរដ្ឋមន្រ្តី EU ដែលទទួលខុសត្រូវពាណិជ្ជកម្ម អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់តាំងពីការឡើងកាន់តំណែងរបស់ពួកគេ ។

ក្រុមរដ្ឋមន្រ្តី EU មានគម្រោងពិភាក្សាផងដែរ ដើម្បីជំរុញបញ្ហាពាណិជ្ជកម្ម រួមទាំងរ៉ែកម្ររបស់ចិន និងការរឹតត្បិតការនាំចេញបន្ទះឈីប ហើយនិងធ្វើជាម្ចាស់ផ្ទះជួបពិភាក្សាការងារជាមួយលោក Lutnick និងលោក Greer រយៈពេល ៩០នាទី មុនពេលពិធីលៀងសាយភោជនាពេលថ្ងៃត្រង់ ។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និង EUកាលពីខែកក្កដា សហរដ្ឋអាមេរិក នឹងកំណត់ពន្ធ ១៥ភាគរយលើទំនិញភាគច្រើនរបស់ EU ខណៈ EU យល់ព្រមដកចេញពន្ធជាច្រើនរបស់ខ្លួនលើការនាំចូលរបស់សហរដ្ឋអាមេរិក ៕
