ភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធីអប់រំ ៤.០ (Academia 4.0 Program) បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ឃុត ចាន់ដារ៉ា, អគ្គនាយកនៃក្រសួងបរិស្ថាន, ប្រធាននាយកដ្ឋាននៃក្រសួបរិស្ថាន,តំណាងមកពីកម្ពុជា ៤.០ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និង សាលា CADT, នាយក /តំណាងមកពីវិទ្យាល័យដែលជាភាគីចុះអនុស្សរណៈទាំង៤, តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, តំណាងមកពីមូលនិធិ Prince Foundation, សិស្ស, អាណាព្យាបាល, ភ្នាក់ងារព័ត៌មាន ព្រមទាំងក្រុមការងាររៀបចំពិធី។
អនុស្សរណៈនេះធ្វើឡើងរវាងប្រាំមួយភាគី គឺ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ, សាលា ស្ទីមមីង ខេមបូឌា, វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី, វិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី, វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ និង សាលាភាពជាអ្នកដឹកនាំឡៃហ្គឺរ ដែលអនុស្សរណៈនេះមានគោលបំណងសម្គាល់សេចក្តីព្រមព្រៀងដែលផ្តល់ជូនការបណ្តុះបណ្តាលជំនាញឧស្សាហកម្ម ៤.០ ផ្តោតលើការប្រើប្រាស់សូហ្វ៊ែររបស់ក្រុមហ៊ុន Siemens សម្រាប់ឧស្សាហកម្ម ៤.០ ដោយក្តោបជំនាញដូចជាឌីហ្សាញផលិតផលផ្នែកមេកានិក, ផលិតផលផ្នែកអេឡិកត្រូនិក, ការធ្វើSimulation, ការបោះពុម្ព3D....៕










