នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បាននិយាយនៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះថា គោលដៅរបស់រដ្ឋាភិបាល នៅតែចង់ឲ្យមានការអនុម័តច្បាប់ថវិកា សម្រាប់ឆ្នាំ២០២៦ នៅចុងឆ្នាំនេះ ទោះបីជាមានភាពតានតឹងនៅក្នុងសភាក៏ដោយ។
លោក Lecornu បាននិយាយបែបនេះបន្ទាប់ពីសភាជាន់ទាបបារាំង បានច្រានចោលផ្នែកខ្លះនៃសេចក្ដីស្នើច្បាប់ថវិកាឆ្នាំ២០២៦ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយធ្វើឲ្យមានភាពមិនច្បាស់លាស់ ជុំវិញថា តើសភាដែលបែកបាក់គ្នាផ្នែកនយោបាយ ក្រោមសម្ពាធពីអ្នកវិនិយោគ ដើម្បីឲ្យកាត់បន្ថយឱនភាពថវិកា អាចឈានដល់កិច្ចព្រមព្រៀងមុនដំណាច់ឆ្នាំនេះដែរ ឬទេ។

អមដោយការបន្ថែមថា នៅតែមានសំឡេងភាគច្រើនក្នុងសភាគាំទ្រសេចក្ដីស្នើច្បាប់ថវិកានេះនោះ លោក Lecornu បានបញ្ជាក់ថា៖ «នេះ (ការច្រានចោល) គឺជាការការដាស់តឿនក្រើនរំលឹកមួយ សម្រាប់ពេលអនាគត ប៉ុន្តែមែនហើយ យើងអាចធ្វើវាបាន (ទទួលបានការអនុម័តលើច្បាប់ថវិកា)»។
បន្ទាប់ពីមានការបដិសេធផ្នែកចំណូលនៃច្បប់ថវិកា ដែលទាក់ទងនឹងការយកពន្ធ សេចក្ដីស្នើច្បាប់នេះ ឥឡូវនេះ តម្រង់ឆ្ពោះទៅព្រឹទ្ធសភា ដែលត្រូវបានគេរំពឹងថា នឹងដកចេញនូវវិសោធនកម្មជាច្រើនដែលត្រូវបានបន្ថែមដោយសភាជាន់ទាប»។
ដោយសារសភាទាំង២ ត្រូវតែព្រមព្រៀង ដើម្បីឲ្យច្បាប់ថវិកានេះទទួលបានការអនុម័ត នៅពេលដែលព្រឹទ្ធសភាបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួននោះ គណៈកម្មាធិការរួម នឹងព្យាយាមសម្របសម្រួលឲ្យមានការស្រុះស្រួលគ្នា រវាងសភាទាំង២៕
