វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ បានបញ្ជាក់ថា ខ្លួននឹងរង់ចាំមើលថា តើកិច្ចពិភាក្សា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ស្តីពីផែនការសន្តិភាពនាពេលខាងមុខ លេចចេញរូបរាងយ៉ាងដូចម្ដេច ហើយនឹងមិនធ្វើអត្ថាធិប្បាយ ជុំវិញសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អំពីបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញបែបនេះឡើយ។
គួរបញ្ជាក់ថា បន្ទាប់ពីមានកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ភាគីទាំង២ បានព្រាង «ក្របខ័ណ្ឌសន្តិភាពដែលប្រសើរជាងមុន» បន្ទាប់ពីផែនការ ២៨ចំណុចនៅមុននោះ ដែលគាំទ្រដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្តរបស់ទីក្រុងគីវថា បង្ហាញពីសមានចិត្តចំពោះទីក្រុងមូស្គូពេក។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់សន្តិភាព នៅអ៊ុយក្រែន អាចជាមូលដ្ឋាននៃដំណោះស្រាយជម្លោះ ប៉ុន្តែថា ប្រសិនបើទីក្រុងគីវ បដិសេធផែនការនោះ កងកម្លាំងរុស្ស៊ីនឹងរុលទៅមុខបន្ថែមទៀត។
ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមិនបានទទួលព័ត៌មានផ្លូវការណាមួយនោះឡើយ អំពីលទ្ធផលនៃកិច្ចចរចា នៅទីក្រុងហ្សឺណែវ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ពិតមែនហើយ យើងកំពុងតាមដានយ៉ាងដិតដល់នូវសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ដែលបាននិងកំពុងផ្សាយយ៉ាងច្រើនចេញទីក្រុងហ្សឺណែវ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែយើងមិនទាន់ទទួលបានអ្វីជាផ្លូវការនៅឡើយទេ»។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងបានអានសេចក្តីថ្លែងការណ៍មួយ ដែលថា បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ការកែប្រែមួយចំនួនត្រូវបានធ្វើឡើង ចំពោះឯកសារដែលយើងបានឃើញពីមុន។ យើងនឹងរង់ចាំមើល។ វាហាក់ដូចជាការសន្ទនាកំពុងបន្តមាន»៕