នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសន្យាថា សហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រអ៊ុយក្រែន ខណៈដែលលោកបានសាទរដល់ការមាន «សន្ទុះថ្មី» ក្នុងដំណើរការចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។
បន្ទាប់ពីបានធ្វើជាប្រធានកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំ EU ស្តីពីបញ្ហាអ៊ុយក្រែន នៅខាងក្រៅកិច្ចប្រជុំកំពូលជាមួយសហភាពអាហ្វ្រិក លោក Costa បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Luanda របស់ប្រទេសអង់ហ្គោឡាថា៖ «EU ប្ដេជ្ញាបន្តផ្តល់ការគាំទ្រដល់លោកប្រធានាធិបតី (Volodymyr) Zelenskyy នូវរាល់ការគាំទ្រដែលលោកត្រូវការ ទាំងជំនួយការទូត ការគាំទ្រផ្នែកយោធា និងការគាំទ្រផ្នែកសេដ្ឋកិច្ច»។
អមដោយការរំលឹកថា មេដឹកនាំ EU បានព្រមព្រៀងកាលពីខែមុន ដែលគ្របដណ្តប់លើតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែន សម្រាប់រយៈពេល ២ឆ្នាំខាងមុខ លោកបានបន្ថែមថា៖ «នេះបង្កឲ្យមានក្ដីបារម្ភ ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែន។ យើងបានប្ដេជ្ញាផ្ដល់ជូន ហើយយើងនឹងផ្ដល់ជូន នៅឯក្រុមប្រឹក្សាអឺរ៉ុបនាខែធ្នូ»។
គណៈកម្មការអឺរ៉ុប បានស្នើឲ្យមានការប្រើប្រាស់នូវទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កនៅអឺរ៉ុប ដើម្បីផ្តល់មូលនិធិ «កម្ចីជាសំណងសង្គ្រាម» សម្រាប់អ៊ុយក្រែន ប៉ុន្តែមេដឹកនាំទាំងអស់មិនទាន់បានព្រមព្រៀងគ្នា ក្នុងការបន្តគំនិតនោះនៅឡើយទេ៕