ជនប៉ាឡេស្ទីនរស់នៅទីក្រុងហ្កាហ្សាជិតខ្សែបន្ទាត់ពណ៌លឿងកំណត់ព្រំដែនសម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បាននិយាយរៀបរាប់ពីស្ថានភាពទុក្ខលំបាករបស់ពួកគេ ការពិបាកស្វែងរកចំណីអាហារ និងទឹកផឹក ។
លោក Abu Majed Nassar គឺជាជនប៉ាឡេស្ទីនមួយរូបរស់នៅទីក្រុងហ្កាហ្សា និយាយថា លោកតែងតែឮការផ្ទុះអាវុធធន់ធ្ងន់ ហើយគ្រាប់កាំភ្លើង បាញ់ត្រូវផ្ទះនៅក្នុងសង្កាត់របស់លោក ។
លោកបន្តថា ជីវិតរបស់ពួកយើងពិតជាជួបទុក្ខលំបាកខ្លាំងណាស់ ប៉ុន្តែពួកយើងគ្មានកន្លែងត្រូវទៅនោះទេ ក្រៅពីទទួលយកតំបន់របស់ពួកយើង ផ្ទះរបស់ពួកយើង និងកន្លែងរបស់ពួកយើង ។
ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ យោធាអ៊ីស្រាអែលត្រូវដកចេញទៅកាន់ខ្សែបន្ទាត់ពណ៌លឿង ទុកឲ្យពួកគេគ្រប់គ្រងតំបន់ហ្កាហ្សា ៥៣ភាគរយ ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់ម្តងទៀតហើយម្តងទៀត បើទោះបីជាវានៅតែចូលជាធរមានជាផ្លូវការក៏ដោយ ។
យោធាអ៊ីស្រាអែលនិយាយថា ចាប់តាំងពីថ្ងៃទី ១០ ខែតុលារហូតមក ពួកគេបានសម្លាប់មនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាក្រុមភេរវករឆ្លងកាត់ខ្សែបន្ទាត់លឿង ហើយនិងបើកការវាយប្រហារជាការសងសឹកចំពោះការវាយប្រហារលើទាហានរបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីន ៣៤២នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ដោយយោធាអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ១១ ខែតុលារហូតមក ៕