ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រ លើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពដែនដី រួមទាំងឧត្តម- ប្រយោជន៍របស់ជាតិ និងប្រជាជន។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ លើកឡើងនៅក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំតាំង ក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាល ដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបាន ឆាប់ជាទីបំផុត។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ស្ងាត់តែមិនស្ងៀម” បានប្រកាន់យកនូវអភិក្រមក្នុងការខិតខំដោះស្រាយដោយ ភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ព្រោះការប្រើប្រាស់មធ្យោបាយហឹង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយ បាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់។
បញ្ហានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋា ភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី រួមទាំងឧត្តមប្រយោជន៍ របស់ជាតិ និងប្រជាជន។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Page ផ្លូវការរបស់សម្តេចតេជោ, សម្ដេចធិបតី, ក្រសួងព័ត៌មាន និងក្រសួងការពារជាតិជាដើម ដើម្បីទទួលបានព័ត៌មានដែលពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យ ប្រជាពលរដ្ឋផ្សេងទៀតមានការយល់ច្រឡំ។
លោកជំទាវបណ្ឌិត បន្តថា អ្វីៗដែលយើងទទួលបានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ជាពិសេសការផ្តល់ ឱកាសរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យគណបក្សប្រជាជនបានបម្រើប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជាក៏ត្រូវបន្តខិតខំប្រឹង ប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។
នៅក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជីញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី បណ្តោយប្រវែង ១៦០ ម៉ែត្រ និងទទឹង ៤,៦ ម៉ែត្រ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នេះបង្ហាញពីការចូលរួម ចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅសេដ្ឋកិច្ច ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ការសិក្សាក្នុងស្ថានភាពល្អប្រសើរមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញប្អូនសិស្សានុសិស្សដែលជាទំពាំង ស្នងឬស្សី ឱ្យចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ។ ជាក់ស្ដែងការសាងសង់អគារសិក្សា និងប្រព័ន្ធផ្លូវនានា ទាំងក្នុងនិងនៅជុំវិញ បរិវេណសាលា គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ផ្ដល់ភាព ងាយស្រួល និងបង្កឱ្យមានបរិយាកាស សុវត្ថិភាព និងផាសុកភាពដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូទាំងអស់៕
អត្ថបទ៖ សុន រ៉ាឌី








