ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូដែលត្រូវបានធ្វើបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទនេះ ភាគច្រើននៃពួកគេនិយាយថា ពួកគេពុំមានជំនឿថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន អាចសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះឡើយ ។
ពលរដ្ឋមួយចំនួនដូចជាអ្នកស្រី Aloyna វ័យ ៣៨ឆ្នាំ និយាយថា វាមិនមែនជាការប៉ុនប៉ងលើកដំបូងនោះទេ ដើម្បីបង្កើនកិច្ចប្រជុំស្វែងរកសន្តិភាព ប៉ុន្តែមកទល់នឹងពេលនេះ វាពុំបាននាំឲ្យមានលទ្ធផលច្បាស់លាស់ណាមួយនោះឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនទៀតមានសុទិដ្ឋិនិយមដូចជាអ្នកស្រី Veronica វ័យ ៤០ឆ្នាំ បាននិយាយថា អ្នកស្រីរំពឹងថា កិច្ចប្រជុំនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ។
សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងបន្តការងារនៅថ្ងៃចន្ទនេះ ជុំវិញផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានព្រមព្រៀងកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ផ្ដល់ផលចំណេញខ្លាំងពេកដល់ភាគីទីក្រុងមូស្គូ។
ភាគីទាំង២ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេបានព្រាងនូវក្របខ័ណ្ឌសន្តិភាពល្អប្រសើរជាងមុន បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទោះបីជាភាគីទាំង២ មិនបានផ្តល់សេចក្ដីលម្អិតក៏ដោយ ។
ដោយឡែក សេតវិមានបានឲ្យដឹងដាច់ដោយឡែកថា គណៈប្រតិភូអ៊ុយក្រែន បានប្រាប់ពួកគេថា ផែនការនេះឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិរបស់ពួកគេ និងដោះស្រាយតម្រូវការយុទ្ធសាស្ត្រស្នូលរបស់ពួកគេ ទោះបីជាទីក្រុងគីវ មិនបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនផ្ទាល់ក៏ដោយ ៕