យោធាអ៊ីស្រាអែល បានប្រកាសពីការបណ្តេញចេញពីតំណែងនូវឧត្តមសេនីយ ៣រូប និងវិធានការផ្នែកវិន័យលើមន្រ្តីយោធាជាន់ខ្ពស់ច្រើនរូបផ្សេងទៀត ជុំវិញការខកខានរបស់ពួកគេ ក្នុងការការពារការវាយប្រហារកាលពីខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ដែលជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ ។
ការប្រកាសបែបនេះ បានធ្វើឡើង រយៈពេល ២សប្តាហ៍ ក្រោយមេបញ្ជាការយោធាអ៊ីស្រាអែលលោក Eyal Zamir អំពាវនាវឲ្យមានការស៊ើបអង្កេតជាប្រព័ន្ធចំពោះការខកខាតដែលនាំឲ្យមានការសម្លាប់រង្គាលបែបនេះ ខណៈរដ្ឋាភិបាលយឹតយ៉ាវក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតរដ្ឋ បើទោះបីជាមានសម្ពាធពីសាធារណជនក៏ដោយ ។
បញ្ជីឧត្តមសេនីយដែលត្រូវបានបណ្តេញចេញពីតំណែង រួមទាំងមេបញ្ជាភូមិភាគ ៣រូប មេបញ្ជាការមួយរូបក្នុងចំណោមពួកគេធ្លាប់បម្រើការជាប្រធានចារកម្មយោធាអ៊ីស្រាអែល ។
សេចក្តីថ្លែងការណ៍យោធាដែលបានបញ្ចេញកាលពីថ្ងៃអាទិត្យ និយាយថា មេបញ្ជាការទាំង ៣រូបនេះ ត្រូវតែមានទំនួលខុសត្រូវចំពោះការខកខានរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារការវាយប្រហារដោយក្រុមហាម៉ាស ចេញពីតំបន់ហ្កាហ្សាស្រ្ទីប ។
ការបណ្តេញចេញពីតំណែងនេះដែរ បានកើតមាន ក្រោយឧត្តមសេនីយទាំង ៣រូប បានលាលែងពីតំណែងរបស់ពួកគេរួចទៅហើយ រួមទាំងអតីតមេបញ្ជាការភូមិភាគត្បូង លោកឧត្តមសេនីយ Yaron Finkelman ។
ដោយឡែក វិធានការផ្នែកវិន័យ ត្រូវបានប្រកាសផងដែរប្រឆាំងនឹងប្រធានកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ជាមួយនឹងចំណាត់ការប្រឆាំងនឹងឧត្តមសេនីយ ៤រូប និងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបទៀត ៕