សមាជិកក្លិបហែលទឹករដូវរងាក្នុងស្រុក បានជំនះសីតុណ្ហភាពខ្យល់ -៣០អង្សាសេកាលពីថ្ងៃអាទិត្យ នៅទីក្រុង Yakutia ក្នុងតំបន់ Sakha ដែលស្ថិតក្នុងចំណោមតំបន់ត្រជាក់ជាងគេបំផុតរបស់ពិភពលោក ។
ក្រុមអ្នកហែលទឹកកកទាំងនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទឹកបើទោះបីជាមានសីតុណ្ហភាពសូន្យអង្សាសេយ៉ាងណាក្តី ពួកយើងមានអារម្មណ៍ថាអាចមុជបាន ដោយសារភាពខុសគ្នាខ្លាំងរវាងសីតុណ្ហភាពរបស់វា និងសីតុណ្ហភាពខ្យល់ ។
ក្រុមអ្នកហែលទឹកត្រជាក់ទាំងនេះ មានជំនឿថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេ និងពង្រឹងរាងកាយរបស់ពួកគេប្រឆាំងនឹងជំងឺណាមួយ ។
លោក Lyubov Tsoi គឺជាទស្សនិកជនមួយរូប និយាយថា លោកមកពីកូរ៉េខាងត្បូង ហើយជាលើកដំបូងហើយដែលលោកមើលឃើញអព្ភូតហេតុបែបនេះ គឺការហែលទឹកនៅរដូវរងា ។
លោកបន្តថា លោកធ្លាប់ឃើញនៅក្នុងរូបភាព ប៉ុន្តែថ្ងៃនេះ វាគឹជាលើកដំបូងហើយដែលលោកបានមើលឃើញវាផ្ទាល់នឹងភ្នែករបស់លោក ។ វាធ្វើឲ្យលោកមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពិតណាស់ថា គ្មានអ្វីដែលថាមិនអាចទៅរួចសម្រាប់មនុស្សនោះឡើយ ។
ស្ថិតនៅចម្ងាយ ៥ពាន់គ.ម ភាគខាងកើតទីក្រុងមូស្គូ និងស្ថិតនៅតំបន់កំណកបានយូរនៃចុងបូព៌ារុស្ស៊ី ទីក្រុង Yakutsk គឺជាទីក្រុងធំត្រជាក់ជាងគេបំផុតរបស់ពិភពលោក ។ សីតុណ្ហភាពក្រោមសូន្យអង្សាសេនៅទីក្រុងមួយនេះ មានពេលចាប់ពីខែតុលា រហូតដល់ខែមេសា ហើយជួនកាលធ្លាក់ចុះក្រោម -៦០អង្សាសេទៀត នៅរដូវរងា ៕