បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Manchester City, Ferran Torres គឺជាអ្នកសង្គ្រោះ Barcelona ពីបរាជ័យក្នុងការប្រកួតក្របខណ្ឌ UEFA Europa League យប់មិញ ក្រោយស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើទល់នឹងក្រុមភ្ញៀវអ៊ីតាលី Napoli។ នេះជាការបង្ហាញខ្លួនលើកដំបូងក្នុងរយៈពេលជិត ១៨ឆ្នាំរបស់ Barcelona នៅក្របខណ្ឌ Europa League តែក្រុមយក្សអេស្ប៉ាញមួយនេះត្រូវបានក្រុមភ្ញៀវ Napoli នាំមុខនៅនាទីទី២៩ ដោយ Piotr Zielinski។

តែចូលវគ្គទី២ Barcelona ក៏ទទួលបានបាល់ពិន័យ ១១ម៉ែត្រដោយ VAR បញ្ជាក់ថា បាល់កាត់របស់ Adama Traore ប៉ះដៃរបស់ Juan Jeses។ Ferran Torren ជាអ្នកស៊ុតសំរេចឱ្យ Barcelona តាមស្មើ ១-១ នៅនាទីទី៥៩។ អតីតខ្សែប្រយុទ្ធ Arsenal, Pierre Emerick Aubameyang ក៏បានចាប់ផ្តើម ១១នាក់លើកដំបូងដែរក្នុងការប្រកួតនេះ តែហាក់មិនមានឱកាសអ្វីជាដុំកំភួនឡើយជាមួយក្រុមថ្មី Barcelona។ ក្រុមរបស់លោក Xavi Hernandez នឹងត្រលប់ទៅទឹកដីអ៊ីតាលីរបស់ Napoli សំរាប់ជើងទី២ នៅថ្ងៃទី២៤ សប្តាហ៍ក្រោយ។
ដោយឡែកក្រុមអាល្លឺម៉ង់ Borussia Dortmund មិនមានលទ្ធផលល្អឡើយយប់មិញក្រោយចាញ់ក្លិបស្កុតឡេន Glasgow Rangers ៤-២ ក្នុងទឹកដីខ្លួនឯង។ ថ្វីបើចូលហ្វឹកហាត់វិញកាលពីថ្ងៃពុធដូចការរំពឹងទុក Erling Haaland ពិតជាមិនបានចូលលេងមែនសំរាប់ការប្រកួតយប់មិញ។ Rangers នឹងកាន់គ្រាប់ចំណេញក្រៅដីក្នុងជ័យជំនះ ៤-២ នេះមុនត្រលប់ទៅទឹកដីខ្លួនឯងវិញសប្តាហ៍ក្រោយ ដោយក្តីសង្ឃឹមក្នុងការឈានឡើងវគ្គ ១៦ក្រុមចុងក្រោយ Europa League រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ