មនុស្សជំនិតជាន់ខ្ពស់របស់វិមានក្រឹមឡាំង លោក Yuri Ushakov កាលពីថ្ងៃ២៤វិច្ឆិកាសប្ដាហ៍នេះ បានច្រានចោលសំណើតបសម្រាប់សន្តិភាពនៅអ៊ុយក្រែនដែលរៀបចំឡើងដោយបណ្តាប្រទេសអឺរ៉ុប ថា គ្មានការស្ថាបនា ហើយបាននិយាយថា ទីក្រុងមូស្គូនឹងមិនទទួលយកទេ។

លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានពេលធ្វើអត្ថាធិប្បាយលើផែនការសន្តិភាពដែលបានរាយការណ៍ ដាក់ចេញដោយអង់គ្លេស បារាំង និងអាល្លឺម៉ង់ថា នៅពេលក្រឡេកមើលមួយភ្លែត សេចក្ដីពង្រាងនោះ មិនមានលក្ខណៈបែបស្ថាបនាទាំងស្រុង។ វាមិនសមនឹងរុស្ស៊ីទទួលយកទេ។
បណ្ដាដៃគូអឺរ៉ុបរបស់ទីក្រុងគីវត្រូវបានគេរាយការណ៍ថាបានដាក់ផែនការនេះថាជាសំណើប្រឆាំងទៅនឹងឯកសារ ២៨ ចំណុចគាំទ្រដោយរដ្ឋបាលលោក Trump ដែលត្រូវបានរិះគន់ថាពេញចិត្តយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ី។
កំណែមួយនៃផែនការអឺរ៉ុបដែលទទួលបានដោយសារព័ត៌មាន Reuters បានបន្ទន់ការទាមទារដ៏តឹងរ៉ឹងបំផុតមួយចំនួនលើទីក្រុងគីវ រួមទាំងការបង្កើនដែនកំណត់លើយោធាអ៊ុយក្រែនពី ៦០០.០០០នាក់ទៅ៨០០.០០០នាក់ និងការទម្លាក់ចោលតម្រូវការសម្រាប់អ៊ុយក្រែនឱ្យប្រគល់ទឹកដីបន្ថែមនៅ តំបន់ Donbas។ ផែនការរបស់អឺរ៉ុបក៏បានអំពាវនាវឱ្យមានបទឈប់បាញ់តាមបណ្តោយខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន និងស្វែងរកការធានាសន្តិសុខរបស់អាមេរិកសម្រាប់អ៊ុយក្រែន ដែលឆ្លុះបញ្ចាំងពីមាត្រា៥ របស់ណាតូ ផងដែរ។
ក្រសួងការបរទេសបារាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ ខណៈក្រសួងការបរទេសអាល្លឺម៉ង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានKyiv Independent នោះផងដែរ។
ខណៈបដិសេធសំណើរបស់អឺរ៉ុប លោក Ushakov បានទទួលស្គាល់ថាទិដ្ឋភាពជាច្រើននៃផែនការរបស់សហរដ្ឋអាមេរិក ដែលត្រូវបានពិភាក្សារួចហើយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅរដ្ឋ Alaskaអាចទទួលយកបានចំពោះទីក្រុងមូស្គូ៕

