កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនមួយចំនួនទៀតហើយនៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) នៅក្បែរបន្ទាត់ព្រំដែនដែលអ៊ីស្រាអែលគ្រប់គ្រង ដោយគូសបញ្ជាក់ពីដំណើរការដ៏លំបាកក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ ដែលបានចូលជាធរមានកាលពី ៦សប្តាហ៍មុន។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ឧប្បត្តិហេតុកាលពីថ្ងៃចន្ទនោះ ពាក់ព័ន្ធនឹងយានដ្រូនរបស់អ៊ីស្រាអែល ដែលបាញ់មីស៊ីលលើមនុស្សមួយក្រុមនៅភាគខាងកើតក្រុង Khan Younis និងការបាញ់ផ្លោងពីរថក្រោះនៅភាគខាងកើតនៃទីក្រុងហ្កាហ្សា។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបើកការបាញ់ប្រហារ បន្ទាប់ពីកំណត់បាននូវអ្វីដែលខ្លួនហៅថា "ភេរវករ" ឆ្លងកាត់បន្ទាត់ពណ៌លឿងដែលអ៊ីស្រាអែលគ្រប់គ្រង ហើយចូលទៅជិតកងទ័ពរបស់ខ្លួន ដែលបង្កការគំរាមកំហែងដល់ពួកគេ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល បានចុះហត្ថលេខាលើបទឈប់បាញ់មួយកាលពីខែតុលា ដោយផ្អាកសង្គ្រាមដ៏បំផ្លិចបំផ្លាញ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានបន្សល់ទុកនូវចំណុចខ្ទាស់សម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ដែលមានន័យថា បង្កកជម្លោះដោយពុំមានដំណោះស្រាយ៕

